(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ បានបើកសិក្ខាសាលាមួយស្តីពីការលើកកម្ពស់ ការយល់ដឹងស្តីពីយន្តការសវនកម្ម ក្រោយពេលបញ្ចេញពីគយ។
សិក្ខាសាលាបានធ្វើឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ក្រោមអធិបតីភាពលោកបណ្ឌិត ប៉ែន សំអាត អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហើយក៏មានការចូលរួមពីតំណាងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន JICa និង តំណាងវិស័យឯកជននានាដូចជា សភាពាណិជ្ជកម្ម សមាគមរោងចក្រកាត់ដេរ សមាគមដឹកជញ្ជូន ធុរជនជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីសវនករគយសរុបប្រមាណ ១០០នាក់។
ក្នុងសិក្ខាសាលនាព្រឹកមិញនេះ លោក ប៉ែន សំអាត បានថ្លែងគូសបញ្ជាក់ពីវឌ្ឍនភាព និងទស្សនទាន នៃការអនុវត្តគោលនយោ បាយ នៃកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើមូលដ្ឋានសំខាន់មួយចំនួន មានជាអាទិ៍ការធ្វើស្វ័យប្រវត្តិកម្មគយ ការកាត់បន្ថយការយឺតយ៉ាវ និងការចំណាយក្នុងការបំពេញបែបបទគយ និងការកាត់បន្ថយ របាំងពន្ធ និងមិនមែនពន្ធនានាឲ្យអស់លទ្ធភាព ។
លោក ប៉ែន សំអាត បានបញ្ជាក់ថា ការលើកកម្ពស់ការយល់ដឹងច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងរដ្ឋបាលគយ និងសហគមន៍ធុរកិច្ច ក្នុងក្របខណ្ឌ នៃការអនុវត្តកម្មវិធីយុទ្ធសាស្រ្តកំណែទម្រង់ និងទំនើបកម្មគយរយៈពេលមធ្យម ២០១៤-២០១៨ បានហុចផ្លែផ្កាជាបន្តបន្ទាប់ ជាពិសេសលើកិច្ចការគយ ដ៏សំខាន់ដូចជា ការងារកំណត់តម្លៃគិតពន្ធគយ ការងារគ្រប់គ្រងហានិភ័យគយ និងការងារសវនកម្ម ក្រោយពេលបញ្ចេញទំនិញពីគយ។ វឌ្ឍនភាពទាំងនេះ កំពុងក្លាយជាមូលដ្ឋានគ្រឹះក្នុងការចូលរួមចំណែកលើកកម្ពស់អនុលោមភាពច្បាប់ ជាពិសេសវប្បធម៌ពន្ធដារក្នុងសង្គមកម្ពុជា ឈានទៅបង្កបរិស្ថានធុរកិច្ចសមធម៌មួយ ដែលជាផ្នែកមិនអាចខ្វះបានក្នុងការអនុវត្ត កំណែទម្រង់ស៊ីជម្រៅ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈការលើកកម្ពស់ ប្រសិទ្ធភាព នៃការទាក់ទាញវិនិយោគ និងសមត្ថភាពប្រកួតប្រជែងធុរកិច្ចនៅកម្ពុជា។
លោកបន្តថា ការកាត់បន្ថយនីតិវិធីត្រួតពិនិត្យនាមាត់ច្រកព្រំដែន មកបំពេញបន្ថែមតាមរយៈយន្តការសវនកម្ម ក្រោយពេលបញ្ចេញ ទំនិញពីគយអាចឲ្យសម្រេចបាន នូវគោលបំណងពីរព្រមគ្នាក្នុងការរក្សាតុល្យភាព រវាងការផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្មនិងការធានា បាននូវអនុលោមភាពច្បាប់។
លោក ប៉ែន សំអាត បានគូសបញ្ជាក់ថា ស្ថិតក្រោមប្រព័ន្ធសវនកម្មគយនេះ រដ្ឋបាលគយមានសិទ្ធិអំណាចក្នុងការធ្វើសវនកម្មអនុ លោមភាពលើសកម្មភាពពាណិជ្ជកម្ម និងធុរជន។ ធុរជននានា មានកាតព្វកិច្ចរក្សាឯកសារពាក់ព័ន្ធនឹងការនាំចេញ-នាំចូលនិងធុរកិច្ច របស់ខ្លួនរយៈពេល ១០ឆ្នាំ សម្រាប់បង្ហាញ និងផ្តល់ជូនសវនករគយ។
លោក ប៉ែន សំអាត ក៏បានថ្លែងអំណរដល់រាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA ចំពោះការឧបត្ថម្ភគាំទ្រ ជាបន្តបន្ទាប់ក្នុងការ អនុវត្តកម្មវិធីកំណែទម្រង់ និងទំនើបកម្មគយកន្លងមក ក៏ដូចជាចំពោះតំណាងវិស័យឯកជននៅកម្ពុជា និងអ្នកចូលរួមក្នុងពិធីនេះផងដែរ ៕