(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍នគណៈកម្មាធិការកណ្ដាល បានសម្តែងនូវទុក្ខក្រៀមក្រំប្រកប ដោយក្តីក្តុកក្តួលបំផុតដោយ លោក ប៊ូ យឿង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល និងជាទីប្រឹក្សាសម្តេច ប្រធានព្រឹទ្ធសភា បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៥៖៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ ។
គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា បានសម្តែងនូវការសោកស្តាយគ្មាន អ្វីប្រៀបផ្ទឹមបានឡើយចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ ឧត្តមគតិ វីរភាព និង គុណបំណាច់របស់ឯកឧត្តម ប៊ូ យឿង ដែលបានបូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា និងបន្សល់ទុកនូវ ស្នាដៃល្អៗជាច្រើនក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ ប្រជាជន និងគណបក្សប្រជាជនកម្ពុជា ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខដោយ ក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសពឯកឧត្តម ប៊ូ យឿង ហើយសូមបួងសួងឲ្យវិញ្ញាណក្ខន្ធ របស់ឯកឧត្តម បានទៅកាន់សុគតិភពកុំបីខានឡើយ៕
ខាងក្រោមនេះជាសារលិខិតរបស់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា៖