(ព្រះសីហនុ)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្ដដាក់ចេញការងារជាបន្ដបន្ទាប់ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមការពារ ទប់ស្កាត់ជំងឺកូវីដ១៩។ ដោយរយៈពីរថ្ងៃមកនេះ ទី១៧-១៨ ខែធ្នូ ឆ្នាំ២០២១ បានចាត់សហការីចុះចែកជែលលាងដៃ ជូនដល់សាខារបស់ខ្លួន មន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែក មន្ទីរអប់រំកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

នៅថ្ងៃទី១៧ ខែធ្នូ កាកបាទក្រហមកម្ពុជា បានប្រគល់ជែលលាងដៃចំនួន ១០៨៨កេស (ស្មើនឹង ២១,៧៦០ដប) ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ (ជាខេត្តទី១៥) ព្រមទាំងមន្ទីរពេទ្យបង្អែក មន្ទីរសុខាភិបាល មន្ទីរអប់រំ កំពង់ផែស្វយ័តក្រុងព្រះសីហនុ អនុសាខាកាកបាទក្រហមកម្ពុជា ៥ក្រុង-ស្រុក និងសាលារៀនចំនួន៣កន្លែង នៅក្នុងខេត្តព្រះសីហនុ។ ថ្ងៃទី១៨ ខែធ្នូ ប្រគល់ជែលលាងដៃ ចំនួន ៣០កេស ជូនអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងកោះរ៉ុង, ជែលលាងដៃ ចំនួន ១០កេស និងសម្លៀកបំពាក់សុវត្ថិភាពសម្រាប់គ្រូពេទ្យ (PPE) ចំនួន១០០ ជូនមណ្ឌលសុខភាពកោះរ៉ុង និងជែលលាងដៃ ៣០កេស ជូនសាលា៣កន្លែង នៅកោះរ៉ុង។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ។ក្នុងឱកាសនោះ លោកស្រីបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរចំពោះជួរគណៈអភិបាល កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៃខេត្តព្រះសីហនុ ក៏ដូចជាគណៈកិត្តិយស គណៈកម្មាធិការ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាពិសេសក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានលះបង់យ៉ាងធំធេង ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩។

លោកស្រីអគ្គលេខាធិការបានបន្តថា «មានតែអនុសាខាហើយ ដែលជាភ្នែក ច្រមុះរបស់សាខា និងទីស្នាក់ការកណ្តាល ព្រោះបានចុះធ្វើការផ្ទាល់ដោយផ្ទាល់ជាមួយអ្នកស្ម័គ្រចិត្ត និងជាអ្នកនៅជិតប្រជាពលរដ្ឋជាងគេ ដែលអាចជួយដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ សូមឲ្យអនុសាខា បង្កើតអ្នកស្ម័គ្រចិត្តតាមភូមិឲ្យបាន២នាក់ តាមយុទ្ធរបស់កាកបាទក្រហមកម្ពុជា និងបង្កើតយុវជនកាកបាទក្រហមកម្ពុជា ដើម្បីជាកម្លាំងស្លូលរបស់អនុសាខា ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលាក្រោមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនទុកនរណាម្នាក់ចោល»

ទន្ទឹមនឹងនេះ លោកស្រី ហៀក ហ៊ីមុល្លី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្តល់ជែលលាងដៃនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់មន្ត្រីតាមគោលដៅ ក្នុងការរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅតាមមូលដ្ឋាននានាឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា ជែលលាងដៃទាំងអស់នេះ ជាអំណោយរបស់ ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ដែលបានប្រគល់ជូនកាកបាទក្រហមកម្ពុជា ជំហានទី១ ចំនួន ១៦,២០០កេស (ស្មើនឹង ២៥៩,២០០ដប) កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ៕