(កណ្តាល)៖ បន្ទាប់ពីខកខានអស់រយៈពេលជាយូរព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩នោះ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា មកពីបណ្តាឃុំនានាក្នុងស្រុកកណ្តាលស្ទឹង ២៥៥នាក់។
នៅក្នុងពិធីនេះមុនឈានដល់ការថ្លែងសំណេះសំណាល អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងក្រុមការងារ ក៏ដូចជាអ្នកចូលរួមទាំងអស់ បានស្តាប់នូវរបាយការណ៍ការងារបក្ស និងផលប៉ះពាល់មួយចំនួនរបស់ប្រជាពលរដ្ឋកើតចេញពីជំងឺកូវីដ១៩ ក៏ដូចជាទឹកជំនន់។ របាយការណ៍ក៏បានបង្ហាញនូវសកម្មភាពនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងលទ្ធផលនៃការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតរបស់សមាជិក សមាជិកាបក្សផងដែរ។
បន្ទាប់ពីស្តាប់នូវរបាយការណ៍អ្នកឧកញ៉ា ទ្រី ភាព បានថ្លែងសំណេះសំណាលជាមួយសមាជិក សមាជិកា ដែលបានចូលរួម ដោយបានគូសរំលេចពីការលំបាករបស់សង្គមជាតិព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩។ ទន្ទឹមនោះ អ្នកឧកញ៉ា ទ្រី ភាព បានបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋខ្មែរ។
អ្នកឧកញ៉ា ទ្រី ភាព បានលើកបង្ហាញពីភាពប៉ិនប្រសប់ ការសម្រេចចិត្តបានត្រឹមត្រូវ និងលឿនរហ័សរបស់សម្តេចតេជោ ក៏ដូចជាសេនាធិការរបស់សម្តេចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដោយបានដៃម្ខាងប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃមេរោគ និងដៃម្ខាងទៀតប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំង ហើយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងរហ័សរហួនបំផុត។
មកដល់ពេលបច្ចុប្បន្នកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានជិត ៨៩ភាគរយហើយ។ អ្នកឧកញ៉ា ទ្រី ភាព បានគូសបញ្ជាក់ថា «លទ្ធផលសម្រេចបាននៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺជាជោគជ័យដ៏ធំធេងសម្រាប់កម្ពុជារបស់យើង ជាពិសេសការការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ១៩»។
អ្នកឧកញ៉ា ទ្រី ភាព ក៏បានលើកបង្ហាញផងដែរ ពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋពេលរងការរាតត្បាតនៃជំងឺកូវីដ១៩នេះ តាមរយៈការបញ្ចេញថវិកាឧត្ថម្ភដល់ពលរដ្ឋរងគ្រោះ និងប៉ះពាល់ខ្លាំងក្នុងជីវភាព។ បើតាមអ្នកឧកញ៉ា ទ្រី ភាព ដើម្បីដោះស្រាយបញ្ហាស្បៀងអាហារសម្តេចតេជោ ហ៊ុន សែន បានបង្កើតឃ្លាំងស្តុកស្បៀងអាហារ ហើយផ្គត់ផ្គង់មិនដាច់ទៅដល់ប្រជាពលរដ្ឋខ្វះខាត។ អ្នកឧកញ៉ា ទ្រី ភាព បានអះអាងថា តាមរយៈឃ្លាំងស្តុកស្បៀងអាហារនោះ គឺធានាមិនឱ្យប្រជាពលរដ្ឋណាម្នាក់ជួបការដាច់ស្បៀងអាហារនោះឡើយ។
ក្រៅតែពីលើកបង្ហាញនូវកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាលទ្ធផលដ៏ត្រជះត្រចង់នៃការដឹកនាំរបស់សម្តេចតេជោហើយនោះ អ្នកឧកញ៉ា ទ្រី ភាព ក៏បានលើកឡើងពីការត្រៀមខ្លួនក្នុងធ្វើដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២។
ដើម្បីឈានឆ្ពោះទៅដណ្តើមជោគជ័យលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំ២០២២នេះ អ្នកឧកញ៉ា ទ្រី ភាព បានណែនាំសមាជិក សមាជិកាក្នុងស្រុកកណ្តាលស្ទឹងទាំងអស់ឱ្យប្រឹងប្រែងពង្រីករចនាសម្ព័ន្ធបក្ស ជាពិសេសក្រុមយុវជនដល់អាយុត្រូវបោះឆ្នោត។ បន្ថែមពីលើនោះ អ្នកឧកញ៉ា ទ្រី ភាព បានក្រើនរំលឹកដល់សមាជិក សមាជិកាបក្សថា សេចក្តីល្អ ការប្រឹងប្រែងយកចិត្តទុកដាក់លើជីវភាព សុខទុក្ខក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ គឺជាធាតុដ៏ចាំបាច់ក្នុងការទទួលបានការស្រឡាញ់ និងទំនុកចិត្តពីប្រជាពលរដ្ឋ។
ក្នុងន័យនេះអ្នកឧកញ៉ា ទ្រី ភាព បានជំរុញឱ្យសមាជិក សមាជិកា ជាពិសេសបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ត្រូវប្រឹងប្រែងយកចិត្តទុកដាក់លើបម្រើប្រជាពលរដ្ឋលើការងារផ្តល់សេវាធ្វើលិខិតស្នាមផ្សេងៗ ហើយត្រូ វប្រឹងប្រែងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋជួបការលំបាក ឧស្សាហ៍ចុះតាមខ្នងផ្ទះស្វែងយល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ កាន់តែពិសេសទៀតនោះ មិនត្រូវធ្វើរឿងថ្នាំងថ្នាក់ដាក់ប្រជាពលរដ្ឋនោះឡើយ។
ក្នុងឱកាសចុះជួបសំណេះសំណាលនៅព្រឹកថ្ងៃនេះ អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីចែកជូនសមាជិកគណបក្សដែលសរុបថជាវិកាមានចំនួន ៥៧,២៥០,០០០រៀល អង្ករចំនួន ២០តោនផ្តល់ជូនសមាជិក សមាជិកា និងគណបក្សស្រុក-ឃុំ៕