(ភ្នំពេញ)៖ និស្សិតក្រីក្រចំនួន៥នាក់ ដែលមកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានទទួលអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល៤ឆ្នាំពេញ ពីពាណិជ្ជករចិន។

និស្សិតអាហារូបករណ៍៥រូប រួមមាន លោក ម៉ា បញ្ញា, កញ្ញា ហ៊ុន សុខនី, លោក ស្រេង មីនា, កញ្ញា ចំរើន ស្រីរ៉ែន និងលោក ស្រីម ភារុណ ដោយក្រុមហ៊ុន PE GROUP របស់វិនិយោគិនចិន ជាអ្នកធានាការចំណាយការសិក្សារយៈពេល៤ឆ្នាំ របស់ពួកគេ។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោក LOBIN, CEO Of PE GROUP និងជាប្រធានកិត្តិយសប្រធានសមាគមពាណិជ្ជកម្មខេត្តហូណាន នៅកម្ពុជា, លោក Wu Guanghua ប្រធានសមាគមពាណិជ្ជកម្មខេត្តហូណាន នៅកម្ពុជា, លោក អ៊ុំ វុទ្ធទី ប្រធានកិត្តិយសសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន លោក Liu Guangchun អគ្គនាយកសារព័ត៌មានស្វាយ លោក ញឹម នៅ អភិបាលរងស្រុកមេមត់ និងជាប្រធាន ស.ស.យ.ក ស្រុកមេមត់ និងលោកស្រី ទី លីហ្វាន់ អភិបាលរងស្រុកមេមត់ និងជាអនុប្រធាន ស.ស.យ.ក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រមទាំងនិស្សិតអាហារូបករណ៍៥រូប បានជួបសំណេះសំណាលជាមួយគ្នា។

លោកស្រី ទី លីហ្វាន់ អភិបាលរងស្រុកមេមត់ លោក ញឹម នៅ អភិបាលរងស្រុកមេមត់ ក្នុងនាមអភិបាល នៃគណៈអភិបាលស្រុកមេមត់ ព្រមទាំងតំណាងឱ្យក្រុមគ្រួសារនិស្សិតក្រីក្រទាំង៥រូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក LOBIN, CEO Of PE GROUP ដែលបានផ្តល់អាហារូបករណ៍ តាមរយៈការបង់ថ្លៃសិក្សារយៈពេល៤ឆ្នាំ ថ្នាក់បរិញ្ញាបត្រ សិក្សានៅរាជធានីភ្នំពេញ ជូនពួកគាត់។

លោក អ៊ុំ វុទ្ធទី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមហ៊ុន PE GROUP ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រ៥រូប មកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាជំហានទីមួយ ព្រមទាំងបន្តផ្តល់អាហារូបករណ៍ដល់សិស្សិ-និស្សិតក្រីក្រផ្សេងៗទៀត នៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

លោក Wu Guanghua ប្រធានសមាគមពាណិជ្ជកម្មខេត្តហូណាន នៅកម្ពុជា បានសម្តែងការកោតសរសើរ ចំពោះសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ដែលបានផ្តួចផ្តើមស្នើសុំអាហារូបករណ៍ជូននិស្សិតក្រីក្រ ព្រមទាំងកោតសរសើរចំពោះទឹកចិត្តលោក LOBIN ដែលក្តីមេត្តាជួយដល់យុវជនក្រីក្រ ឱ្យមានឱកាសសិក្សាដើម្បីអនាគតពួកគាត់។

លោកប្រធាន Wu បានបន្តថា សមាគមពាណិជ្ជកម្មខេត្តហូណាន នៅកម្ពុជា តែងតែផ្តល់អាហារូបករណ៍២០កន្លែង ជូននិស្សិតកម្ពុជា ទៅបន្តការសិក្សានៅខេត្ត ហូណាន ប្រទេសចិន ជារៀងរាល់ឆ្នាំ ដែលជាប្រភេទអាហារូបករណ៍ថ្នាក់ខេត្តហូណាន។

លោក LOBIN បានបង្ហាញថា ការជួយរបស់ក្រុមហ៊ុន គឺមិនពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម ឬនយោបាលអ្វីឡើង វាជាកិច្ចការមនុស្សធម៌សុទ្ធសាធ ដែលកើតចេញពីទឹកចិត្តក្រុមហ៊ុនPE GROUP។ លោក LOBIN ក៏បានណែនាំឱ្យនិស្សិតទាំង៥នាក់ ខិតខំរៀនសូត្រ ដើម្បីទទួលបានឱកាសទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសចិន។ ហើយលោកសង្ឃឹមថា ក្រោយពីពួកគាត់៥នាក់ បញ្ចប់ការសិក្សា នឹងពិចារណាមកបម្រើការងារនៅក្រុមហ៊ុនរបស់លោក និងជួយដល់យុវជននិស្សិតក្រីក្រផ្សេងៗទៀតឱ្យមានឱកាសដែរ៕