(ភ្នំពេញ)៖ ក្រោមការបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញរួចមក កម្លាំងនគរបាលខណ្ឌ សែនសុខ បានបើកប្រតិបត្តិការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន រហូតបង្ក្រាប និងចាប់ខ្លួនក្រុមចោរលួចរថយន្ត ចំនួន៤នាក់ និងជនសង្ស័យ ចែកចាយគ្រឿងញៀន២នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនទៀត។
លោក ម៉ក់ ហុង អធិការនគបាលខណ្ឌសែនសុខ បានឲ្យដឹងថា ករណីទី១ អំពើលួចរថយន្ត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ០២៖៤៩នាទី កម្លាំងល្បាតអន្តរាគមន៍ របស់អធិការដ្ឋានបានខ្លួនជនសង្ស័យ ចំនួន២នាក់ ដែលរក្សាទុកនៅឧបករណ៍សម្រាប់ ឆ្កិះ និងកាច់សោ ។
លោកបានបន្តទៀតថា «យើងក៏ធ្វើការសាកសួរជាបណ្តោះអាសន្ន ជនសង្ស័យក៏បានសារភាពថា៖ ពួកខ្លួនបានលួចរថយន្តនៅខណ្ឌ ពោធិ៍សែនជ័យ ដែលមានគ្នាចំនួន ៤នាក់។ ពេលនោះយើងក៏បន្តតាមឃាត់ខ្លួនបានបក្ខពួកវាចំនួន ២នាក់ទៀត សរុបទាំង៤នាក់តែម្តង»។
លោក ម៉ក់ ហុង បានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់រួមមាន ទី១. លឹម តឹង អាយុ២៤ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅសង្កាត់ ស្ទឹងមានជ័យ ទី២. អេង ហាក់ឡៃ អាយុ១៩ឆ្នាំ មុខរបរជាងធ្វើស្លាកលេខ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ទី៣. លី នី អាយុ១៨ឆ្នាំ
មុខរបរមិនប្រាកដ ស្នាក់នៅសង្កាត់កាកាប ទី៤. គី សុជាតា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅសង្កាត់ទន្លេបាសាក់។ ករណីទី២ នៅវេលាម៉ោង ០៤៖៣០នាទី អធិការដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ សង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ព្រមទាំងដកហូត បាននៅថ្នាំញៀនចំនួន ២កញ្ចប់ថង់តូច នៅចំនុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យទាំង២នាក់ រួមមាន ទី១. ស្រ៊ាង បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់បឹងកេងកង៣, ទី២. ទ្រី ចាន់ដារា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់បឹងកេងកង១ ។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ ត្រូវបានឃុំខ្លួនជាបណ្តោះ អាសន្នដើម្បីក៏សាងសុំណុំរឿងបញ្ចូនទៅតុលាការ ៕