ទីបំផុតប្រធានតុលាការខេត្តមណ្ឌលគីរី ផ្ញើសារសុំទោស លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តចតេជោនាយករដ្ឋមន្រ្តី
18-12-2021 17:28
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ លោក ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគីរី បានផ្ញើសារសុំទោសជូនចំពោះលោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីលោកបានប្រើប្រាស់ឈ្មោះលោក ហូ សិទ្ធី ទៅកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿង ឲ្យចែកដីដល់បក្ខពួករបស់ខ្លួន។
សាររបស់លោក ទៀង សុថា បានសរសេរយ៉ាងដូច្នេះថា សារទី១៖ «ខ្ញុំបាទពិតជាខុសហើយ ដែលជ្រុលនិយាយបែបនេះ។ ខ្ញុំសូមសោកស្តាយជាខ្លាំងពន់ពេក ដែលច្រឡំមាត់និយាយបែបនេះ ដោយពុំគិតពិចារណាអោយបានច្បាស់លាស់នាំអោយប៉ះពាល់កិត្តិយសឯកឧត្តម ហូ សិទ្ធី។ ខ្ញុំបាទសូមគោរពឯកឧត្តមមេត្តាអភ័យទោស ដល់ខ្ញុំផង។ សូមអរគុណឯកឧត្តមច្រើន»។ សារទី២៖ «ជាការពិត ខ្ញុំបាទពុំបានដឹងទេ ថាឯកឧត្តម ហូ សិទ្ធី ទូរសព្ទទៅឯកឧត្តមអភិបាលខេត្ត ឫមិនតេនោះទេ។ សូមអរគុណឯកឧត្តម»។
ការចេញមកសុំទោសពីសំណាក់លោក ទៀង សុថា ប្រធានតុលាការនៅពេលនេះ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីបំភ្លឺមួយ ព្រមទាំងព្រមានប្តឹងទៅកាន់អង្គភាព ACU ចំពោះការផ្សព្វផ្សាយថា មានការយកឈ្មោះរបស់លោក «ហូ សិទ្ធី» កៀបរឿងដីធ្លីមួយកន្លែង នៅខេត្តមណ្ឌលគិរី៕