(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយ លោក សោម សុភាវុធ មេបញ្ជាការង ដឹកនាំយោធិនក្រោមឱវាទ ចុះសាងសង់ផ្ទះមួយខ្នងទំហំ៦គុណ៧ម៉ែត្រ ប្រកស័ង្កសី ព្រមទាំងបានប្រគល់ជូនគ្រួសារជនពិការ អតីតយុទ្ធជន ស្ថិតនៅក្នុងភូមិក្រសាំងក ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៦។
លោក សំ សុផល ហៅគ្រុយ ជាជនពិការក្នុងសម័យសង្រ្គាម អាយុ៤២ឆ្នាំ ប្រពន្ឋឈ្មោះលៀង អំ អាយុ៣៧ឆ្នាំ មានកូន៤នាក់ ស្រី២នាក់ ប្រុស២នាក់ ប្រកបមុខរបរធ្វើស្រែ ចិញ្ចឹមសត្វបន្តិចបន្តួច មានជីវភាពខ្វះខាត មិនអាចសាងសង់លំនៅដ្ឋានបានសមរម្យ។ គ្រួសារនេះរស់នៅក្នុងខ្ទមកំសត់ លោក សំ សុផល បានអោយដឹងថា លោកអតីតយោធិន នៅកងពលធំលេខ៥ ឈរជើងនៅក្រយាសាគ្រាម ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ បានពិការនៅឆ្នាំ១៩៩៣ ត្រូវមីនដាច់ជើងខាងស្តាំត្រឹមភ្លៅ បច្ចុប្បន្នបើកប្រាក់ខែ៣១៨,០០០រៀល ពេលនេះបានទទួលផ្ទះ មួយខ្នង ពីឧត្តមសេនី យ៍ត្រី សោម ស៊ុន ដែលមានទំហំ៦គុណ៧ម៉ែត្រ។
លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត និងមានប្រវត្តតស៊ូក្នុងសម័យសង្រ្គាម បណ្តាលឲ្យពិការ ក៏បានគៀងគរ សម្បុរសជន និងយោធិនស្ម័គ្រចិត្ត បានទិញជាឈើ ស័ង្កសីធ្វើជាផ្ទះជូនដល់គ្រួសារអតីតយុទ្ធជន និងបានប្រគល់ ជូនក្នុងថ្ងៃនេះមានផ្ទះមួយខ្នង ទឹកស៊ីអ៉ីវ២យួរ ត្រីខ១យួរ សារុង១សម្រាប់ ទឹកត្រី២យួរ មី១កេស អង្ករមួយបេ និងថវិការ១០ម៉ឺនរៀល តម្លៃសារុបនៃការសាងសង់អស់ទឹកប្រាក់ ៨,៦១៨,០០០រៀល ។
លោក សោម ស៊ុន បានអោយដឹងថា សកម្មភាពមនុស្សធ៌មនេះ ដោយមានការគាំទ្រ និងមានការយកចិត្តទុកដាក់ពីសំណាក់ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ជម្រុញឲ្យអាជ្ញាធរ និងកងកម្លាំង យកចិត្តទុកដាក់មកលើ អតីតយុទ្ធជន ជនពិការ មន្រ្តីចូលនិវត្ត ដោយមិនអាចរំលោងបាន ព្រោះសមគមអតីតយុទ្ធជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាជាប្រធាន ដែលសម្តេចតែងតែគិតគូរ និងផ្តល់គុណតំលៃបំផុតចំពោះអតីតយុទ្ធជន ព្រោះបើគ្មានអតីតយុទ្ធជនក៏គ្មានថ្ងៃនេះដែរ៕