(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ កុំមានការភ័យស្លន់ស្លោ ជាមួយនឹងមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង»។

ការបន្ដអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ «វិមានកីឡដ្ឋាន» ដែលជាសំណង់ធំជាងគេ នៃពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យប់មិញនេះ យើងបានរកឃើញមួយករណីផ្សេងទៀត នូវកូវីដបំប្លែងខ្លួនថ្មី គឺ «អូមីក្រុង» ក៏ប៉ុន្ដែដូចដែលខ្ញុំធ្លាប់ បាននិយាយហើយថា សូមកុំស្លន់ស្លោជាមួយនឹងជំងឺនេះ វាមិនទាន់មានសម្លាប់អ្នកណា ក្រៅតែពីមនុស្សម្នាក់ ដែលបានស្លាប់នៅប្រទេសអង់គ្លេស»

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កម្ពុជា មានករណីជនជាតិខ្មែរម្នាក់ មកពីប្រទេសហ្គាណា និងជនជាតិអៀរ៉ង់ម្នាក់ ធ្វើដំណើរមកកាន់កម្ពុជា នាម្សិលមិញ ហើយបានរកឃើញវិជ្ជមាន មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» ក៏ប៉ុន្ដែ «អូមីក្រុង» មិនទាន់បានសម្លាប់មនុស្ស ក្រៅពី «ដែលតា» និង «អាល់ហ្វា» នោះទេ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យត្រូវខិតខំទាំងអស់គ្នា ដើម្បីធានាថា ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ នឹងមិនមានអ្វីកើតឡើងនោះទេ ហើយយើងខិតខំទាំងអស់គ្នា ដើម្បីកុំឲ្យប្រទេសយើង ឈានទៅរកការបិទខ្ទប់ឡើងវិញ។

សូមបញ្ជាក់ថា កម្ពុជាបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ទី២ លើបុរសជនជាតិអៀរ៉ង់វ័យ២៥ឆ្នាំ ដែលបានត្រឡប់មកពីប្រទេសកេនយ៉ា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសវ័យ២៥ឆ្នាំ ដែលរកឃើញមានវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» នេះ ស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសរូបនេះ បានធ្វើដំណើរតាមជើងហោះហើរ ពីប្រទេសកេនយ៉ា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ និងបន្តដំណើរពីទីក្រុងឌូបៃ មកប្រទេសថៃ ទើបហោះហើរពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

បច្ចុប្បន្ន អ្នកជំងឺរូបនេះ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាស់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ។

ជាមួយនឹងការរកឃើញករណីដំបូងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង»នេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តវិធានការ «៣កុំ ៣ការពារ» ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។

កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ជាលើកដំបូងលើស្ត្រីខ្មែរវ័យ២៣ឆ្នាំ ដែលបានត្រឡប់ មកពីធ្វើការនៅប្រទេសហ្គាណា ដែលបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកម្ចាស់រោគរបេង និងហង់សិនផងដែរ៕