(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងពីការគាំទ្រនូវមូលដ្ឋានគ្រឹះទាំង៥ ក្នុងការគ្រប់គ្រងពហុកីឡដ្ឋានជាតិ «មរតកតេជោ» ដែលប្រកាសដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានគណៈកម្មការបច្ចេកទេស សម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» ដើម្បីធានាឲ្យពហុកីឡដ្ឋានជាតិនេះ ដំណើរការប្រកបដោយនិរន្តរភាព។

ការគាំទ្រនេះធ្វើឡើងក្នុឱកាសសម្តេចតេជោ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិមានកីឡដ្ឋាន នៃហុកីឡដ្ឋានជាតិមរតកតជា» និងរាល់ថយ ៥០២ថ្ងៃ និងប្រកាសបើកយុទ្ធនាជាតិផ្សព្វផ្សាយ SEA GAMES-ASEAN PARA GAMES ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អនុញ្ញាតឲ្យខ្ញុំ ព្រះករុណា ខ្ញុំយកឱកាសនេះបញ្ជាក់ពីការគាំទ្ររបស់ខ្ញុំ លើចំណាត់ការដែលលើកឡើង គោលការណ៍គ្រឹះ គោលការណ៍គ្រប់គ្រង ពហុកីឡដ្ឋានជាតិមរតកតេជោ ដោយឈរលើមូលដ្ឋានគ្រឹះចំនួន៥ ដែលឯកឧត្តម ថោង ខុន បានលើកឡើង។ ការធ្វើឲ្យបានចេញជារូបរាងវាជាការលំបាកទៅហើយ ប៉ុន្តែអ្វីដែលលំបាកជាងនេះទៀត គឺការធានាឲ្យពហុកីឡដ្ឋាននេះដំណើរការ មាននិរន្តរភាព ហើយប្រើបានរយៈពេលវែង។ ៥ចំណុចដែលឯកឧត្តម ថោង ខុន បានលើឡើងនៅទីនេះ គឺគ្រប់គ្រាន់ ដើម្បីយើងធ្វើឲ្យមាននិរន្តរភាពសម្រាប់ពហុកីឡដ្ឋានមួយនេះ»

គោលការណ៍គ្រប់គ្រងពហុកីឡដ្ឋានជាតិ «មរតកតេជោ» ឈរលើមូលដ្ឋានគ្រឹះសំខាន់ៗ៥យ៉ាងដែលត្រូវបានលោករដ្ឋមន្ត្រី ថោង ខុន ប្រកាសដាក់ចេញរួមមាន៖

១៖ រក្សាឱ្យបាននូវភាពរឹងមាំ គុណភាព សោភ័ណភាព និងភាពបៃតងនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

២៖ យកស្មារតីសន្សំសំចៃ កាត់បន្ថយរបៀបប្រើប្រាស់ខ្ជះខ្ជាយលើថាមពលទឹក-ភ្លើង និងធនធានមនុស្សមិនចាំបាច់។

៣៖ រៀបចំផែនការកៀរគរស្វែងរកចំណូល តាមវិធីសាស្រ្តទីផ្សារកីឡា និងចលនូបត្ថម្ភកីឡា (Sport Marketing & Sponsorship) ពិសេសបង្កើតកម្មវិធីស្វែងរកចំណូល តាមព្រឹត្តិការណ៍ប្រកួតកីឡា ថ្នាក់ជាតិ និងអន្តរជាតិគ្រប់រដូវកាលពេញមួយឆ្នាំ ជារៀងរាល់ឆ្នាំ។

៤៖ រៀបចំបន្ថែមគុណតម្លៃស្តង់ដារបច្ចេកទេសទីលាន ប្រកួតកីឡាទាំងអស់ ក្នុងពហុកីឡដ្ឋានជាតិ «មរតកតេជោ» ដើម្បីទាក់ទាញចំណាប់អារម្មណ៍ចលនាកីឡាពិភពលោកមកកម្ពុជា ។

៥៖ ប្រែក្លាយពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សារភ្ជាប់ជាមួយវិមាន ឈ្នះ-ឈ្នះ រមនីយដ្ឋានសួនសត្វសាហ្វារីភ្នំពេញ, តារាងកូនហ្គោល Garden City និងតំបន់ជុំវិញ ជាមេដែក និងជានិមិត្តរូបគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀត សម្រាប់រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណចំពោះជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ធ្វើឲ្យសមិទ្ធផលពហុកីឡដ្ឋានជាតិ «មរតកតេជោ» នេះលេចជារូបរាងឡើង។ សម្ដេចបានកោតសរសើរមិត្តចិន ដែលតែងគោរពដល់កម្ពុជា ទោះបីខ្លួនជាអ្នកផ្ដល់ជំនួយ និងផ្ដល់លទ្ធភាពកម្ពុជា ជាអ្នកជ្រើសរើសម៉ូតពហុកីឡដ្ឋាននេះ តាមការពេញចិត្តរបស់កម្ពុជា។

សូមជម្រាបថា វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ «មរកតតេជោ» នេះទទួលបានថវិកាជាជំនួយឥតសំណង់សម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លា ដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់ ៦ម៉ឺននាក់ ៕