(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឲ្យអនុវត្តនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ កម្មវិធីនេះនឹងរៀបចំឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៩៖០០នាទីព្រឹក ក្រោមការចូលរួមពី អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ន្ថែមលើការដាក់ឱ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជានេះ ក៏មានគោលបំណងពន្យល់ និងផ្សព្វផ្សាយដល់សាធារណជនអំពីយុទ្ធសាស្ត្រ និងវិធានការគោលនយោបាយជាក់លាក់ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងរយៈពេលមធ្យមឱ្យត្រឡប់ ទៅកំណើនសក្តានុពល និងពង្រឹងភាពធន់ សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងរយៈពេលវែង។

ដូចបានជូនដំណឹងខាងលើនេះ សូមសាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ តាមដានការផ្សាយផ្ទាល់ពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តនូវ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣នេះ៕