(រតនគិរី)៖ លោក ម៉ៅ សារី ដែលជាមេធាវីតំណាងដោយអាណត្តិ និងតំណាងឲ្យស្ថាប័នមន្ទីរសុខាភិបាល រួមទាំងរូបវ័ន្តបុគ្គលនៅក្នុងក្របខ័ណ្ឌរបស់មន្ទីរសុខាភិបាលខេត្តរតនគិរី បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ដោយច្រានចោលការចោទប្រកាន់លើលោកវេជ្ជបណ្ឌិត អ៊ុង រតនាទី ប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីថា បានទទួលប្រាក់ដើម្បីបញ្ចូលក្របខ័ណ្ឌសុខាភិបាល។

សេចក្ដីថ្លែងការណ៍័ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា កន្លងទៅថ្មីៗនេះ មានការចោទប្រកាន់នៅលើបណ្ដាញសង្គម Facebook និងអ្នកសារព័ត៌មានចំនួនដែលធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នរដ្ឋមួយនេះ ក៏ដូចជាលោកវេជ្ជបណ្ឌិត អ៊ុង រតនា ផងដែរ។

លិខិតដដែលនោះ អះអាងថា លោកវេជ្ជបណ្ឌិត អ៊ុង រតនា ពុំដែលទទួលបានប្រាក់ពីបុគ្គលណាមួយដោយផ្ទាល់ ឬដោយប្រយោលក្នុងការបញ្ចូលក្របខ័ណ្ឌ ឲ្យបុគ្គលណាមួយក្លាយជាមន្ត្រីពេទ្យនោះទេ រួមទាំងផ្តល់សេវាព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងយុទ្ធនាការរបស់ក្រសួងសុខាភិបាលកន្លងមក ហើយចាត់ទុកថា ការចោទប្រកាន់នេះ បានប៉ះពាល់ដល់សិទ្ធិ សេចក្តីថ្លៃថ្នូរ ក្នុងនាមជាប្រធានស្ថាប័ន និងស្ថាប័នមន្ទីរសុខាភិបាលទាំងមូល។

ជាមួយគ្នានេះ លោក ម៉ៅ សារី មេធាវីតំណាងដោយអាណត្តិ និងការពារសិទ្ធិឲ្យស្ថាប័នមន្ទីរសុខាភិបាល បានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងនោះធ្ វើការកែតម្រូវឡើងវិញជាបន្ទាន់លើការបកស្រាយរបស់ខ្លួន៕