(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ អញ្ជើញធ្វើជាអធិបតីភាពរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន» ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ វិមានកីឡដ្ឋាន គឺជាសំណង់ប្រវត្តិសាស្ត្រមួយទៀតសម្រាប់កម្ពុជា និងជាប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន។

វិមានកីឡដ្ឋាន គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានកីឡដ្ឋានត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧។ វិមានកីឡដ្ឋាន ទទួលបានថវិកាជាជំនួយឥតសំណង់សម្រាប់ការសាងសង់ពីរដ្ឋាភិបាលចិន ក្នុងទំហំទឹកប្រាក់ប្រមាណ១៦០លានដុល្លា។

វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ។

វិមានកីឡដ្ឋានសមិទ្ធផលជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា និងចិននេះ ត្រូវបានធ្វើពិធីប្រគល់ និងទទួលរវាងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់កម្ពុជា។

លោក វ៉ាង យី បានគូសបញ្ជាក់ថា ជំនួយរបស់ចិនសម្រាប់សាងសង់វិមានកីឡដ្ឋាននៅកម្ពុជា គឺជាជំនួយមានទឹកប្រាក់ច្រើនជាងគេ និងជាប្រវត្តិសាស្ត្រនៃការផ្តល់ជំនួយ របស់ចិនទៅកាន់ប្រទេសជាមិត្ត។ លោក វ៉ាង យី បានចាត់ទុកការជួយសាងសង់វិមានកីឡដ្ឋាននេះ គឺជាជំនួយដ៏ពិសេសសម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលជាមិត្តដ៏ពិសេសរបស់ចិន។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសរំលេចដែរថា វត្តមានវិមានកីឡដ្ឋាននេះ គឺជាសមិទ្ធផលលេចចេញជារូបរាង ព្រោះតែមានទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងចិន។ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ទុកវិមានកីឡដ្ឋាននេះ គឺជាសមិទ្ធផលដើមរដូវនៃទំនាក់ទំនងរវាងកម្ពុជា និងចិនផងដែរ។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍សម្ពោធដាក់ឱ្យប្រើប្រាស់វិមានកីឡដ្ឋានជាប្រវត្តិសាស្ត្រសម្រាប់ជាតិកម្ពុជានេះ ក៏មានភ្ជាប់មកនូវជាមួយព្រឹត្តិការណ៍មួយចំនួនទៀតមានដូចជា ពិធីរាប់ថយក្រោយ ដើម្បីឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលនៅសល់រយៈពេល ៥០២ថ្ងៃទៀត។

ក្នុងពិធីយ៉ាងមហោឡារឹកដែលមានអ្នកចូលរួមរហូតដល់ ១៥,០០០នាក់នេះ ភ្ជាប់ជាមួយនឹងផ្ទាំងទស្សនីយភាពសិល្បៈជាច្រើនទៀត មានដូចជាការសម្តែងគុនល្បុក្កតោ និងការច្រៀងចម្រៀងបង្ហាញពីមិត្តភាពកម្ពុជា និងចិនជាដើម។

ជាមួយនឹងការបើកសម្ពោធនេះ នៅពេលរសៀលមានការអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទស្សនា និងមានការបាញ់កាំជ្រួចថែមទៀតផង៕