(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក Jacob J. Lew បានប្រកាសថា និមិត្តរូបដ៏គួរឲ្យចងចាំ មួយនឹងត្រូវយកមកដាក់នៅក្នុងរូបិយប័ណ្ណរបស់អាមេរិកនៅក្នុងសតវត្សរ៍មួយនេះ ដោយក្នុងនោះគឺ រូបអតីតប្រធានាធិបតីអាមេរិកលោក Andreww Jackson លើក្រដាសប្រាក់ ២០ដុល្លារ នឹងត្រូវ ជំនួសដោយស្ត្រីទាសករឈ្មោះ Harriet Tubman វិញ។ នេះបើតាមការចេញផ្សាយដោយកាសែត New York Time នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។
មិនត្រឹមតែការផ្លាស់ប្តូរសម្រាប់ក្រដាសប្រាក់ ២០ដុល្លារនោះទេ ប៉ុន្តែសម្រាប់ក្រដាសប្រាក់ ៥ ដុល្លារ និង ១០ដុល្លារ ក៏រតនាគារជាតិមានគម្រោងប្តូរទៅដាក់រូបស្ត្រី និងមេដឹកនាំសិទ្ធិស៊ីវិល មួយចំនួនទៀត ផងដែរ។ លោក Lew ធ្លាប់បានប្តេជ្ញា តាំងពីឆ្នាំមុនមកម្ល៉េះថា នឹងធ្វើឲ្យមានរូបភាពស្ត្រី នៅលើក្រដាសប្រាក់ ១០ដុល្លារ។
គួរបញ្ជាក់ថាលោកស្រី Harriet Tubman គឺជាអតីតទាសករ និងជាសកម្មជនប្រឆាំងទាសភាព ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រអាមេរិក។ នៅថ្ងៃពុធដដែលនោះលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងផងដែរ ចំពោះការសម្រេចរបស់រតនាគារជាតិ ព្រោះវាជាការបង្ហាញពីប្រជាជាតិមួយ ដែលកំពុងបន្តដំណើរដោយសេរីផ្នែក វប្បធម៌ ជាតិសាសន៍ និង សិទ្ធិ សម្រាប់ដើមសតវត្សរ៍នេះតទៅ៕