(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅរសៀលថ្ងៃទី១៧ ខែធ្នូនេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលី «វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ» ដើម្បីសូមសេចក្ដីសុខ មុនប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៨ ខែធ្នូស្អែកនេះ ។

សម្រាប់ពិធីសម្ពោធវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្អែកនេះ នឹងប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧតត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូចចិនប្រចាំនៅកម្ពុជា ដោយអនុញ្ញាតឲ្យមានអ្នកចូលរួមចំនួន ១៥,០០០នាក់ អមជាមួយការរៀបចំនូវការសម្ដែង និងទស្សនីយភាពជាច្រើន ទាំងសិល្បៈ និងកីឡា ដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យជាប្រវត្តិសាស្ដ្រនេះទៀតផង ។

គួរដឹងថា វិមានកីឡដ្ឋានដ៏ទំនើបស្ដង់ដារអន្ដរជាតិខាងលើ បានបើកការដ្ឋានសាងសង់ផ្លូវការ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដោយសាងសង់លើផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាពហុកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗ រហូតដល់កម្រិតពិភពលោក ពិសេសនឹងក្លាយជាពហុកីឡដ្ឋានដ៏សំខាន់ សម្រាប់ស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ៕