(ភ្នំពេញ)៖ នេះគឺជាទិដ្ឋភាព ហាងលក់បន្លែ និងកសិដ្ឋានរបស់ The Fresh ដែលបន្លែនៅទីនេះ គឺត្រូវបានផលិតឡើងតាមស្តង់ដារជប៉ុន ទាំងគ្រប់ពូជ និងបច្ចេកទេសនៃការដាំដុះ ដើម្បីផ្តល់ឱ្យអ្នកទទួលទាន ទទួលបាននូវសុខភាពល្អ។
ដោយសារបន្លែគឺជាផ្នែកមួយដ៏ចាំបាច់នៃរាងកាយរបស់មនុស្សរស់នៅប្រចាំថ្ងៃ ហាងនេះមិនត្រឹមតែផ្គត់ផ្គង់បន្លែសុវត្ថិភាពប៉ុណ្ណោះទេ ថែមទាំងមានការផ្គត់ផ្គង់បន្លែសុវត្ថិភាព តាមបែបវេជ្ជសាស្រ្តស្របតាមស្តង់ដារជប៉ុន ដោយក្រុមហ៊ុនបានរៀបចំប្រភេទបន្លែជាកញ្ចប់ សម្រាប់ជួយស្រ្តីមានផ្ទៃពោះ អ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលកំពុងសម្រកទម្ងន់ជាដើម។
លោក Fukada Tsuyoshi អគ្គនាយកក្រុមហ៊ុន Tatsumi Shokai Cambodia ដែលបានមកវិនិយោគលើការដាំបន្លែនៅកម្ពុជា បានឱ្យដឹងថា លោកបានមកវិនិយោគនៅកម្ពុជា កាលពីឆ្នាំ២០១៩ ដោយជំហានដំបូងលក់តាមអនឡាញ។
មានកសិដ្ឋានផ្ទាល់ខ្លួន នៅខេត្តបាត់ដំបងដែលមានទំហំ ១.៥ហិកតា និងខេត្តមណ្ឌលគិរី មានទំហំ៣.៥ហិកតា អគ្គនាយកក្រុមហ៊ុនជប៉ុនរូបនេះ មានបំណងពង្រីកការដាំបន្លែស្តង់ដារជប៉ុន ឱ្យកាន់តែច្រើន ស្របតាមគោលដៅ ផ្គត់ផ្គង់បន្លែ ដើម្បីធ្វើយ៉ាងណា ផ្សារភ្ជាប់រវាងអ្នកផលិតបន្លែ ដែលធានាបាននូវសុវត្ថិភាពពិតប្រាកដ។
បន្ថែមពីនេះ ក្រុមហ៊ុន ក៏បណ្តុះបណ្តាលពលរដ្ឋខ្មែរ ឱ្យចេះបច្ចេកទេសដាំដុះតាមស្តង់ដារជប៉ុន ដែលនៅថ្ងៃខាងមុខ នៅពេលមានការពង្រីកសាខាហាងបានកាន់តែច្រើននោះ ក្រុមហ៊ុននឹងប្រមូលទិញពីកសិករវិញ ដើម្បីបំពេញតម្រូវការនៅស្រុក និងសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិផងដែរ។
លោករំពឹងថា តាមរយៈគំរូរបស់ The Fresh នឹងជំរុញនូវការអភិវឌ្ឍន៍វិស័យកសិកម្មជាពិសេស គឺផលិតកម្មបន្លែ នាពេលបច្ចុប្បន្ន។ The Fresh នឹងក្លាយជានិមិត្តសញ្ញាបន្លែសុវត្ថិភាព ដែលអាចជឿទុកបានក្នុងប្រទេសកម្ពុជា សំរាប់ប្រជាជនកម្ពុជាទូទាំងប្រទេសនាពេលអនាគត។
ហាងទី១របស់ The Fresh ក៏នឹងក្លាយគំរូដែលអាចបំពេញបានគ្រប់ផ្នែកនៃខ្សែច្រវាក់តម្លៃអាហារ (Food Value Chain) ដើម្បីឈានដល់ការពង្រីកឲ្យកាន់តែសម្បូរបែប និងច្រើនឡើងថែមទៀតក្នុងប្រទេសកម្ពុជា។
ហាងបន្លែ The Fresh ត្រូវបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមាន លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក Fukada Tsuyoshi អគ្គនាយកក្រុមហ៊ុន Tatsumi Shokai Cambodia និង លោកបណ្ឌិត Nabeshima katsuhito អគ្គនាយកក្រុមហ៊ុន Yamato Green។
លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងថា បច្ចុប្បន្ននេះប្រជាជនកម្ពុជា មានកំណើនជាលំដាប់ពីមួយឆ្នាំទៅឆ្នាំ និងមានជីវភាពកាន់តែប្រសើរ ដូច្នេះនិន្នាការ និងទម្លាប់នៃការហូបចុកក៏មានការប្រែប្រួលដោយពួកគាត់ បានយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងសុវត្ថិភាព ចំណីអាហារ ជាពិសេសបន្លែ និងផ្លែឈើ។
លោកបន្តថា ការផ្តួចផ្តើមរបស់ The Fresh ដោយរៀបចំជាប្រភេទបន្លែសុវត្ថិភាព តាមបែបវេជ្ជសាស្រ្តស្របតាមស្តង់ដារជប៉ុននេះ គឺជាការកែច្នៃការប្រើប្រាស់បន្លែឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ជាពិសេសជួយណែនាំអតិថិជនឱ្យចេះប្រើប្រាស់បន្លែ ជាលក្ខណៈអាហារូបត្ថម្ភ និងសម្រាប់ជួយសម្រួលអ្នកមានបញ្ហាសុខភាព ឱ្យឆាប់ជាសអះស្បើយ និងកាត់បន្ថយទៅលើការព្យាបាលជំងឺទៀតផង។
The Fresh បាននឹងកំពុងចូលរួមអនុវត្តខ្សែចង្វាក់តម្លៃអាហារ ដោយ The Fresh មានទីតាំងផលិតគំរូឃ្លាំងស្តុក មជ្ឈមណ្ឌលសម្អាតផ្ទាល់ខ្លួន និងផ្គត់ផ្គង់ទៅ ដល់អតិថិជនដោយផ្ទាល់ព្រមជាមួយសេវាដឹកជញ្ជូន តាមរយៈរថយន្តដ៏ទំនើបដំបូងគេក្នុងទីក្រុងភ្នំពេញ ដើម្បីឱ្យបន្លែនៅតែរក្សាបាននូវគុណភាព៕