(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវរួមសហការគ្នា ជាមួយស្ថាប័នពាក់ព័ន្ធ ទប់ស្កាត់ឱ្យបានកុំឱ្យមានពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយសហការឱ្យល្អរវាងថ្នាក់លើ និងថ្នាក់លើ ថ្នាក់ក្រោម និងថ្នាក់ក្រោម ព្រោះថាកិច្ចការនេះជាកិច្ចការរបស់ជាតិ មិនអាចធ្វេសប្រហែសបានឡើយ។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានលើកឡើងដូចនេះនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសដែលលោកដឹកនាំបើកកិច្ចប្រជុំ ដើម្បីពង្រឹងការងារសន្តិសុខក្នុងអង្គភាព ដើម្បីបំពេញ ភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានបន្ថែមថា កន្លងមកកងកម្លាំងទាំងអស់បានសហការយ៉ាងល្អ ទាំងនៅតាមបន្ទាត់ព្រំដែន និងឈរតាមដងផ្លូវ ចំណែកកម្លាំង ដែលឈរតាមបន្ទាត់ព្រំដែន គឺចាប់ពីព្រំប្រទល់ខេត្តឧត្តរមានជ័យ រហូតដល់ព្រំប្រទល់ខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះដែរឧត្តមសេនីយ៍ត្រី ក៏បានធ្វើការកោតសរសើរ ដល់កងកម្លាំងកន្លងមកបានអនុវត្តបទបញ្ជាជោគជ័យជាបន្តបន្ទាប់។ លោកក៏បានណែនាំ ដល់កងកម្លាំងត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ដើម្បីជៀសផុតពីជំងឺកាចសាហាវកូវីដ-១៩ផងដែរ៕