(ភ្នំពេញ)៖ «ការទទួលយកជនបរទេសធ្វើការងារ ម្ចាស់នាយកសហគ្រាស គ្រឹះស្ថាននានា ឫជនបរទេសដែលចូលមក ប្រកបរបរ ណាមួយនៅ ក្នុងប្រទេសកម្ពុជា ត្រូវគោរពឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារនៃកម្ពុជា។ គ្មានជនបរទេសណាម្នាក់ អាចប្រកបមុខរបរណាមួយនៅក្នុងប្រទេសកម្ពុជា ដោយគ្មានប័ណ្ណការងារ និងសៀវភៅការងារ ដែលចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឡើយ»។ នេះបើយោងតាមសេចក្តីប្រកាសរួមរបស់ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នៅក្នុងប្រកាសរួមក្រសួងទាំងពីរដែលអង្គភាព Fresh News ទទួលបាននៅ ថ្ងៃនេះ បានបង្ហាញទៀតថា ជនបរទេសទាំងឡាយណា ដែលប្រកបអាជីវកម្មខ្នាចតូច អាជីវកម្មរណប អាជីវកម្មពុំមាននាមករណ៍ អាជីវកម្មចល័ត អាជីវកម្មពេលរាត្រី អាជីវកម្មលើផ្ទៃទឹក ឫអាជីវកម្មផ្សេងៗទៀត ត្រូវមានលិខិតអនុញ្ញាតឲ្យប្រកបរបរអាជីវកម្ម ដែលមានចេញដោយស្ថាប័នមានសមត្ថកិច្ចដើម្បីបំពេញ បែបបទធ្វើប័ណ្ណការងារ និងសៀវភៅការងារ។ ក្នុងករណី ដែល ម្ចាស់ នាយកសហគ្រាស គ្រឹះស្ថានណាមួយ ទទួលយកជនបរទេស មកធ្វើការងារ រឺជនបរទេសដែលធ្វើការ រឺប្រកបមុខរបរ ដោយគ្មានប័ណ្ណការងារ និងសៀវភៅការងារ ត្រូវពិន័យជាប្រាក់និងផ្តន្ទាទោស តាមទោសបញ្ញាត្តិជំពូកទី១៦ នៃច្បាប់ការងារ និងផ្តន្ទាទោសតាមទោសប្បញ្ញាត្តិជំពូកទី៥ និងការបណ្តេញចេញជំពូកទី៦នៃច្បាប់ អន្តោរប្រវេសន៍។
ផ្ទុយទៅវិញ បើម្ចាស់ នាយកសហគ្រាស គ្រឹះស្ថានណាមួយគោរព និងអនុវត្ត ទៅតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ ក្រសួងមហាផ្ទៃ និងក្រសូងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់នូវលិខិត រឺប័ណ្ណសរសើរដើម្បីលើកទឹកចិត្ត៕