(សៀមរាប)៖ បេសកកម្មជួយមូលដ្ឋានរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានពង្រីកទៅដល់មូលដ្ឋានស្រុកបន្ទាយស្រី ខណៈអាងចិញ្ចឹមត្រីតាមវិធីសាស្រ្តថ្មីចំនួន២អាង ត្រូវបានប្រគល់ជូន២គ្រួសារនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រោមជំនួយរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងសប្បុរសជនដទៃទៀត។

លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរំលេចពីបេសកកម្មការងាររយៈពេល២ឆ្នាំគិតចាប់ពីដើមឆ្នាំ២០១៨ដល់ចុងឆ្នាំ២០១៩របស់មូលនិធិ Peaceland របស់ប្រទេសចិន ដែលបានសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីនក្នុងការរួមចំណែកបោសសម្អាតមីននៅក្នុងភូមិត្រពាំងថ្មនេះ។

លោកបានគូសបញ្ជាក់ថា ក្រោមការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋបាលស្រុកបន្ទាយស្រី សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានសហការជាមួយមូលនិធិ Peaceland នៃប្រទេសចិន ក្នុងការរួមចំណែកជួយផ្តល់អាងចិញ្ចឹមត្រីចំនួន២តាមវិធីសាស្រ្តថ្មីជូនដល់ប្រជាជន២គ្រួសាររស់នៅក្នុងភូមិនេះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលធ្លាប់ទទួលរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលបន្សល់ទុកពីសម័យសង្គ្រាម។

លោក ជា មុនីឫទ្ធ បានថ្លែងនូវការដឹងគុណចំពោះរដ្ឋបាលស្រុកបន្ទាយស្រី និងក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបន្ទាយស្រី ជាពិសេសថ្លែងនូវការកោតសរសើរចំពោះការគាំទ្រយ៉ាងពេញទំហឹងពីនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ដែលបានលើកទឹកចិត្តដល់សង្គមស៊ីវិលកម្ពុជានិងចិនក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងស្រុកបន្ទាយស្រី ហើយដែលថ្ងៃនេះជាសក្ខីភាពជាក់ស្តែងដោយលោកឧត្តមសេនីយ៍ឯក ផល សាម៉ន អគ្គនាយករង NPMEC ក៏បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់អាងត្រីដល់ប្រជាកសិករចំនួន២គ្រួសារនេះផងដែរ។

លោកបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍បន្តការឈ្វេងយល់ពីវិធីសាស្រ្តថ្មីនៃការចិញ្ចឹមត្រី និងចិញ្ចឹមសត្វ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ និងបំពេញបាននូវតម្រូវការជាក់ស្តែងនៅក្នុងសហគមន៍ក្រោមចរន្តអភិវឌ្ឍរបស់រដ្ឋបាលស្រុកបន្ទាយស្រី។

តំណាងគ្រួសារដែលបានទទួលផលផ្ទាល់ពីគម្រោងជួយលើកកម្ពស់ជីវភាពគ្រួសារនេះ លោក សាញ់ ថា បានថ្លែងដោយក្តីរីករាយរំភើបជាពន់ពេកថា លោកនឹងយកពុទ្ធិដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលការចិញ្ចឹមត្រីនេះមកអនុវត្តផ្ទាល់នៅនឹងផ្ទះ ហើយបន្តចែករំលែកជាមួយអ្នកភូមិ ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលស្រុកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅមូលដ្ឋាន។

លើសពីនេះ លោកបន្តការគាំទ្រ និងលើកទឹកចិត្តដល់សង្គមស៊ីវិលនានារបស់ប្រទេសចិនតាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងការបន្តសកម្មភាពគម្រោងអភិវឌ្ឍសហគមន៍នេះស្របតាមគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គួរបញ្ជាក់ថា បន្ថែមពីលើបេសកកម្មការងារសិក្សាស្រាវជ្រាវ បោះពុម្ពផ្សាយ និងបណ្តុះបណ្តាល សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនតែងបានកៀរគរវិនិយោគិន និងសង្គមស៊ីវិលនានារបស់ប្រទេសចិនក្នុងការចូលរួមចំណែកអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋាន តាមរយៈគម្រោងកែលម្អបណ្ណាល័យ គម្រោងអាជីវកម្មខ្នាតតូច គម្រោងចិញ្ចឹមសត្វនិងការដាំដំណាំជាលក្ខណៈគ្រួសារ និងគម្រោងផ្តល់អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិនជាដើម៕