(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌នៅថ្ងៃសុក្រនេះ បានចេញសេចក្ដីសម្រេចមួយ បង្កើតក្រុមការងារឧត្តមមន្ត្រីច្បាប់ និងយុត្តិធម៌អាស៊ាន ដើម្បីសម្របសម្រួលកិច្ចការអាស៊ានដែលពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌។

សេចក្ដីសម្រេចចេញដោយ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នេះ បានបញ្ជាក់ឲ្យដឹងថា ក្រុមការងារឧត្តមមន្ត្រីច្បាប់និងយុត្តិធម៌អាស៊ាន នៃក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានសមាសភាព ១៣រូប ដោយមាន លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ជាប្រធាន អមដោយអនុប្រធានពីររូប។

ក្រុមការងារនេះ មានភារកិច្ច ដូចខាងក្រោម៖

- សម្របសម្រួលកិច្ចការអាស៊ានដែលពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌

- សម្របសម្រួល និងសហការជាមួយលេខាធិការដ្ឋានអាស៊ាន-កម្ពុជា និងលេខាធិការដ្ឋានអាស៊ាន ពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌

- សម្របសម្រួល និងសហការជាមួយអង្គភាពជំនាញរបស់ក្រសួងយុត្តិធម៌ លើការរៀបចំឯកសារច្បាប់ និងឯកសារនានាពាក់ព័ន្ធនឹងកម្មវិធីសហប្រតិបត្តិការច្បាប់ និងយុត្តិធម៌អាស៊ាន

- ចូលរួមនិងរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីច្បាប់អាស៊ាន, កិច្ចប្រជុំរដ្ឋមន្ត្រីច្បាប់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ផ្សេងទៀត

- រៀបចំឯកសារ និងសម្របសម្រួលគណៈប្រតិភូក្រសួងយុត្តិធម៌ ចូលរួមក្នុងកិច្ចប្រជុំក្រុមការងារ ជំនាញផ្សេងៗ និងកិច្ចប្រជុំពាក់ព័ន្ធនឹងការងារច្បាប់ និងយុត្តិធម៌អាស៊ាន

- សិក្សាស្រាវជ្រាវ និងចងក្រងឯកសារចាំបាច់ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសជាដៃគូអាស៊ាន

- សម្របសម្រួលការងារជាមួយក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌អាស៊ាន

- រៀបចំគម្រោងថវិកា និងផែនការសកម្មភាពប្រចាំឆ្នាំពាក់ព័ន្ធនឹងកិច្ចប្រជុំឧត្តមមន្ត្រីច្បាប់អាស៊ាន, កិច្ចប្រជុំរដ្ឋមន្ត្រីច្បាប់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត

- តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាព ដែលពាក់ព័ន្ធនឹងការងារ ច្បាប់និងយុត្តិធម៌អាស៊ាន ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌

- បំពេញភារកិច្ចផ្សេងៗទៀត តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕

ខាងក្រោមនេះជា សេចក្តីសម្រេចរបស់ក្រសួងយុត្តិធម៌ ស្តីពីការបង្កើតក្រុមការងារឧត្តមមន្ត្រីច្បាប់ និងយុត្តិធម៌អាស៊ាន៖