(ភ្នំពេញ)៖ ជំនួយវ៉ាក់សាំងរបស់ជប៉ុន ប្រភេទ AstraZeneca ចំនួន ៣០៨,០០០ដូសទៀត នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News។

ពិធីប្រគល់និងទទួលវ៉ាក់សាំងនេះ នឹងធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ម៉ម ប៊ុនបហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក មីកាមិ អគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។

ប្រទេសជប៉ុន ក៏ជាប្រទេសមួយដែលបានផ្ដល់ជំនួយនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រទេសកម្ពុជា តាមរយៈយន្ដការកូវ៉ាក់។ នេះគឺជាជំនួយវ៉ាក់សាំង លើកទី៣ ហើយដែលជប៉ុនបានផ្ដល់ឲ្យកម្ពុជា ខណៈដែលការផ្ដល់លើកទី១ មានចំនួន១លានដូស និងលើកទី២ចំនួន៣០ម៉ឺនដូស។

កម្ពុជា គឺជាប្រទេសដែលរកបានវ៉ាក់សាំង បានលឿនសម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ តាមរយៈផែនការមួយច្បាស់លាស់ទាំងការទិញ ជំនួយពីប្រទេសជាមិត្ត និងមជ្ឈមណ្ឌលកូវ៉ាក់នោះ មកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំងសរុបជាង ៤០លានដូស។

គិតត្រឹមយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,២២០,០៦៧នាក់។ ក្នុងរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,១២៨,០៣៣នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨០៨,៤៦២នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៩១,២៧៣នាក់
៤៖ អាយុ៥ឆ្នាំ ២៩២,២៩៩នាក់៕