(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបង្គាប់ឲ្យម្ចាស់អាជីវកម្មរណ្ដៅដីចំនួន៨ទីតាំង ស្ថិតនៅស្រុកកណ្ដាលស្ទឹង ត្រូវតែបង់សួយសារចូលរដ្ឋ បង់ការផាកពិន័យ និងជួសជុលផ្លូវដែលទទួល រងការខូចខាតឡើងវិញឲ្យបានល្អស្អាត ក្រោយរកឃើញមានបញ្ហាកើតឡើងនាពរលកន្លងទៅ។

អភិបាលខេត្តបានបង្គាប់យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំកិច្ចពិភាក្សាអំពីការពិនិត្យអាជីវកម្មរ៉ែ ដែលពុំមានច្បាប់អនុញ្ញាតធ្វើខុសបច្ចេកទេស និងធ្វើលើសដែនអាជ្ញាប័ណ្ណចំនួន៨ទីតាំង ស្ថិតនៅស្រុកកណ្តាលស្ទឹង នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកណ្ដាល។

ស្ថិតក្នុងជំនួបនេះលោកអភិបាលខេត្តកណ្ដាល បានលើកឡើងថា ដើម្បីពង្រឹងអាជីវកម្មដឹកជញ្ជួនរ៉ែ ដែលបានធ្វើឱ្យផ្លូវខូច និងការធ្វើអាជីវកម្មរ៉ែដែលពុំមានច្បាប់អនុញ្ញាត ការធ្វើខុសបច្ចេកទេសរ៉ែ ការធ្វើលើសដែនអាជ្ញាបណ្ណ និងការមិនចូលរួមបង់ពន្ធសួយសារចូលរដ្ឋ ក្រុមការងារចម្រុះខេត្ត បានចុះធ្វើការពិនិត្យនៅរណ្ដៅដីចំនួន៨ទីតាំង ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង និងបានរកឃើញថាម្ចាស់ទីតាំងចំនួន៨នេះ គ្មានអាជ្ញាប័ណ្ណ ជីកខុសបច្ចេកទេស និងដឹកលើសទម្ងន់ ត្រូវបានគណៈកម្មការចម្រុះ ធ្វើការផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន។

អភិបាលខេត្តបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ មន្ត្រីជំនាញ ត្រូវធ្វើការសម្របសម្រួលជាមួយម្ចាស់អាជីវកម្ម ដើម្បីធ្វើអាជ្ញាប័ណ្ណជូនពួកគាត់ប្រកបដោយភាពរលូន និងឆាប់រហ័ស។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ដល់មន្ត្រីពាក់ព័ន្ធ មិនត្រូវទារថ្លៃសេវាលើសពីម្ចាស់អាជីវកម្មទាំងអស់ ហើយក្នុងករណីមានមន្ត្រីយកលើសថ្លៃសេវា លើការចេញអាជ្ញាប័ណ្ណ លោកស្នើដល់ម្ចាស់អាជីវកម្មត្រូវរាយការណ៍ជូនភ្លាម ដើម្បីចាត់វិធានការតាមច្បាប់។

ជាមួយគ្នានេះ គណៈកម្មការចម្រុះ ត្រូវបន្តចុះពិនិត្យ ដល់ទីតាំងរណ្ដៅដីទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល សំដៅពង្រឹងនូវអាជីវកម្មដឹកជញ្ជួនរ៉ែ ការធ្វើអាជីវកម្មដោយមានច្បាប់អនុញ្ញាត ការធ្វើតាមលក្ខខណ្ឌបច្ចេកទេសរ៉ែ និងបង្កើនបង់ពន្ធសួយសារចូលរដ្ឋ។

មិនត្រឹមតែប៉ុណ្ណោះ លោកអភិបាលខេត្តកណ្ដាល ក៏បានព្រមានមន្ត្រីនៅច្រកចេញចូលតែមួយសាលាខេត្តត្រូវធ្វើការឲ្យមានតម្លាភាព ប្រសិទ្ធភាព កុំមុខលុយ កុំពូកែញីជើងរកលុយគេ បង្កភាពស្មុគស្មាញ និងភាពយឺតយ៉ាវជាដើម ខណ:ដែលខេត្តកណ្ដាល ត្រូវព្យាយាមទាក់ទាញវិនិយោគិនមកវិនិយោគឲ្យបានកាន់តែច្រើន ដើម្បីការរីកចំរើន រីកលូតលាស់សេដ្ឋកិច្ច។

លោកអភិបាលខេត្ត ក៏បានព្រមានដល់មន្ត្រីពាក់ព័ន្ធទាំងអស់ផងដែរ ត្រូវធ្វើយ៉ាងបង្កើតបរិយាកាសល្អជាមួយអ្នកវិនិយោគ និងរៀបចំការងារឲ្យបានសុក្រិតស្ថិតលើគោលជំហរនៃភាពត្រឹមត្រូវ ហាមប៉ះពាល់លុយគេ ហាមកោសរូសលុយគេ ព្រោះនាំឲ្យថោកខ្លួន គ្មានតម្លៃ ហើយការងារគ្មានប្រសិទ្ធភាព៕