(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសប្រាប់សាធារណជន និស្សិត មហាជន រូបវន្តបុគ្គលស្ថាបត្យករ ឬ នីតិបុគ្គលសិក្សាគម្រោងប្លង់ជាតិ និងអន្តរជាតិ ឲ្យចូលរួមក្នុងការប្រកួតប្រជែង ស្នាដៃស្ថាបត្យកម្មទូលំទូលាយ លើគម្រោងបង្ល់ស្ថាបត្យកម្ម តូបកម្សាន្ត នៅតំបន់ឆ្នេរសមុទ្រក្រុងព្រះសីហនុ។
ការប្រកួតប្រជែងនេះ ធ្វើឡើងដើម្បីស្វែងរកអ្នកមានស្នាដៃ ក្នុងការរចនាគម្រោងប្លង់ ស្ថាបត្យកម្មតូបកម្សាន្ត នៅតំបន់ឆ្នេរសមុទ្រ ដើម្បីជំំរុញការចូលរួមក្នុងផែនការ កែលម្អតំបន់ឆ្នេរខ្សាច់លំហែ កម្សាន្តក្រុងព្រះសីហនុ។
សម្រាប់ជ័យលាភីទាំង៣ ចំណាត់ថ្នាក់នឹងទទួលបាន៖ លេខ១ ទទួលបានទឹកប្រាក់ ៤លានរៀល, លេខ២ ទទួលបានទឹកប្រាក់២ ៨០០ ០០០រៀល និង លេខ៣ ទទួលបាន ២ ០០០ ០០០រៀល។
សូមជម្រាបថា ការបង្កើតឲ្យមានការប្រកួតប្រជែងនេះធ្វើឡើង ក្រោយពេលដែល លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកកិច្ចប្រជុំជាមួយមន្ត្រីរបស់ខ្លួន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦៕