(ព្រះវិហារ)៖ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារលោក សំ លាងទ្រី បានអំពាវនាវឲ្យម្ចាស់យានយន្តគ្រប់ប្រភេទ ដែលកែច្នៃ និងដឹកជញ្ជូនត្រូវគោរពទៅតាមច្បាប់កំណត់ ពោលគឺកុំកែច្នៃខុសលក្ខណៈបច្ចេកទេស និងកុំដឹកជញ្ជូនលើសទម្ងន់ ខណៈរថយន្ត១គ្រឿងដែលកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រូវបានក្រុមការងារអនុវត្តន៍ទៅតាមច្បាប់ ដោយធ្វើការកាត់ទ្រុងនៅហ្នឹងកន្លែង ហើយពិន័យទៅតាមច្បាប់ ព្រមទាំងធ្វើកិច្ចសន្យាផងដែរ។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោក សំ លាងទ្រី បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឃាត់រថយន្ត១គ្រឿង ម៉ាកសាំយ៉ុងដែលធ្វើការកែច្នៃខុសលក្ខណៈបច្ចេកទេស កំពុងបើកបរលើដងផ្លូវជាតិលេខ៦២ ក្នុងភូមិអូពោធិ ឃុំរម្មណីយ៍ ស្រុករវៀង ក្រុមការងារបានកាត់ទ្រុងនៅហ្នឹងកន្លែងជាមួយការផាកពិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃខុសច្បាប់តទៅទៀត។
លោកប្រធានមន្ទីរបានថ្លែងថា ដោយអនុវត្តន៍តាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក្រុមការងារជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តែងបានសហការជាមួយសមត្ថកិច្ចជំនាញ និងអាជ្ញាធរដែនដី ចុះធ្វើការអប់រំ ណែនាំ ដល់ម្ចាស់យានយន្តដែលបើកបរនៅលើដងផ្លូវនានាក្នុងភូមិសាស្ត្រខេត្ត ត្រូវគោរពទៅតាមច្បាប់ ដោយមិនត្រូវកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស ដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ និងដឹកជញ្ជូនលើសទម្ងន់កំណត់ដែលបណ្តាលឲផ្លូវថ្នល់ឆាប់ខូចខាត។
លោក សំ លាងទ្រី បានសង្កត់ធ្ងន់ថា ចាប់ពីថ្ងៃនេះទៅលោកនឹងអនុវត្តន៍ទៅតាមច្បាប់ដោយមិនលើកលែងចំពោះរថយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេសបើកបរលើដងផ្លូវ គឺចាប់ដកហូតតែម្តង មិនឲ្យធ្វើចរាចរណ៍ទៀតទេ។
ចំណែករថយន្តដឹកលើសទម្ងន់កំណត់ គឺចាប់ផ្តើមអនុវត្តន៍ផាកពិន័យចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះតទៅ ព្រោះចាប់តាំងពីដើមខែធ្នូមក ក្រុមការងារស្ថានីយ៍ជញ្ជីងអចល័តថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ «អូរពោធិ-ព្រះវិហារ» បានធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងសាធរណការ ដើម្បីឲ្យអ្នកបើកបររថយន្តធុនធ្ងន់បានយល់ជ្រួតជ្រាបនិងចូលរួមអនុវត្តន៍។
លោកថា ចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១តទៅ ក្រុមការងារប្រចាំនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរពោធិ នឹងចាប់ផ្តើមផាកពិន័យចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ហើយ ព្រោះកន្លងមកក្រុមការងារ មិនបានផាកពិន័យនោះទេ ទោះដឹងថារថយន្តនោះដឹកលើសទម្ងន់ក៏ដោយ ប៉ុន្តែចាប់ពីថ្ងៃទី២១ ធ្នូ ទៅនឹងអនុវត្តន៍ទៅតាមច្បាប់ហើយ៕