(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ទីក្រុងសេអ៊ូលត្រូវពង្រីក «សសរស្តម្ភសន្តិភាព» នៃគោលនយោបាយសម្លឹងមកខាងត្បូងថ្មីរបស់ខ្លួន លើសពីបញ្ហាសន្តិសុខដែលមិនមែនជាប្រពៃណី ហើយប្រកាន់ជំហរមានតុល្យភាព និងសកម្មជាងមុន។

ការគូសបញ្ជាក់បែបនេះរបស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញបិទសន្និសីទអន្តរជាតិ ស្តីពី «បរិបទថ្មីនៃទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ នារាជបណ្ឌិត្យសភាកម្ពុជា។

បើតាមលោកបណ្ឌិត សុខ ទូច បានឱ្យដឹងថា អាស៊ានបានស្វាគមន៍ចំពោះគោលនយោបាយសម្លឹងមកខាងត្បូងថ្មីរបស់កូរ៉េ ដែលមានគោលបំណងជំរុញទំនាក់ទំនងរបស់ខ្លួនឱ្យកាន់តែស៊ីជម្រៅ ស្របតាមសសរស្តម្ភទាំងបី នៃសហគមន៍អាស៊ាន។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ទីក្រុងសេអ៊ូលត្រូវពង្រីក "សសរស្តម្ភសន្តិភាព" នៃគោលនយោបាយសម្លឹងមកខាងត្បូងថ្មី របស់ខ្លួនលើសពីបញ្ហាសន្តិសុខដែលមិនមែនជាប្រពៃណី ហើយប្រកាន់ជំហរមានតុល្យភាព និងសកម្មជាង មុនក្នុងការចូលរួមរបស់ខ្លួននៅក្នុងបញ្ហាយុទ្ធសាស្ត្រ និងសន្តិសុខក្នុងតំបន់»

បន្ថែមពីនេះ លោកបណ្ឌិតបានបន្តថា ក្នុងន័យនេះទីក្រុងសេអ៊ូល បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មទំនាក់ទំនងសេដ្ឋកិច្ចខាងក្រៅរបស់ខ្លួន តម្រង់ទិសការទូតរបស់ខ្លួនឡើងវិញទៅកាន់អាស៊ីអាគ្នេយ៍ និងលើសពីនេះ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់យ៉ាងសកម្ម។ ទោះជាយ៉ាងណាក៏ដោយ មហិច្ឆតាអំណាចកណ្តាលរបស់ទីក្រុងសេអ៊ូល ត្រូវបានរារាំងយ៉ាងខ្លាំងដោយឧបសគ្គភូមិសាស្ត្រនយោបាយខាងក្រៅ ក៏ដូចជាការកំណត់ផ្ទៃក្នុងគោលនយោបាយ សម្លឹងមកខាងត្បូងថ្មី ផ្ទាល់។

«ខ្ញុំសូមធ្វើការចាប់អារម្មណ៍បន្តិចពីគោលនយោបាយសម្លឹងមកខាងត្បូងថ្មី របស់កូរ៉េ។ គោលនយោបាយនេះពិតជាមានការពាក់ព័ន្ធ ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់អាស៊ាន។ គោលនយោបាយសម្លឹងមកខាងត្បូងថ្មី បង្ហាញពីមហិច្ឆតានៃអំណាចកណ្តាលនៃទីក្រុងសេអ៊ូល ក្នុងការស្វែងរកស្វ័យភាពជាយុទ្ធសាស្រ្តកាន់តែច្រើន ដោយទទួលយកការទទួលខុសត្រូវ និងតួនាទីអន្តរជាតិកាន់តែច្រើន ដែលត្រូវបានចាត់ទុកថា សមស្របជាមួយនឹងឋានៈ និងសមត្ថភាពរបស់ខ្លួននៅក្នុងសង្គមពិភពលោក»។ នេះជាការបញ្ជាក់បន្ថែមថា របស់លោកបណ្ឌិត សុខ ទូច។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានឱ្យដឹងថា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យនៃការអូសទាញចូលទៅក្នុងភាពច្របូកច្របល់នៃការប្រកួតប្រជែងខាងយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិន ទីក្រុងសេអ៊ូលត្រូវរៀបចំគំនិតផ្តួចផ្តើមនេះជារបៀបវារៈកិច្ចសហប្រតិបត្តិការដែលដំណើរការពេញលេញ ដោយកំណត់បញ្ហាយុទ្ធសាស្ត្ររសើបចេញពី «សរស្តម្ភសន្តិភាព» នៃគោលនយោបាយសម្លឹងមកខាងត្បូងថ្មី។ ផ្ទុយទៅវិញ ទីក្រុងសេអ៊ូលបានជ្រើសរើសដោយចេតនា ដើម្បីផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាដែនកណ្តាលនៃការចូលរួមគោលនយោបាយសម្លឹងមកខាងត្បូងថ្មីខ្លួន ដើម្បីទាញយកប្រយោជន៍ពីបទពិសោធន៍អភិវឌ្ឍន៍របស់ខ្លួន។

បើតាមលោកបណ្ឌិត សុខ ទូច, ជាលទ្ធផលអតុល្យភាពនេះ ក្នុងការរចនាគោលនយោបាយសម្លឹងមកខាងត្បូងថ្មី កំពុងតែធ្វើឱ្យខូចដល់បញ្ហានៃសន្តិសុខក្នុងតំបន់ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត គឺអវត្តមានយ៉ាងច្រើនពីគោលនយោបាយសម្លឹងមកខាងត្បូងថ្មី របស់ទីក្រុងសេអ៊ូល។ ដូចគ្នានេះផងដែរ កិច្ចសហប្រតិបត្តិការរបស់ទីក្រុងសេអ៊ូលជាមួយយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក របស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានបង្ខាំងជាមូលដ្ឋានទ្វេភាគី ហើយទីក្រុងសេអ៊ូល បានចូលរួមជាមួយសហរដ្ឋអាមេរិកតែក្នុងវិស័យណា ដែលមិនមានភាពរសើបផ្នែកនយោបាយដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសន្តិសុខមិនប្រពៃណីប៉ុណ្ណោះ៕