(បន្ទាយមានជ័យ)៖ ក្នុងលិខិតចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដែលមានហត្ថលេខា និងលេខទូរស័ព្ទពលរដ្ឋចំនួន៥នាក់ បានសរសេរថា យើងខ្ញុំ ប្រជាពលរដ្ឋរងគ្រោះដោយលោកអែម ណុយ មេឃុំ, លោក សិត ឆូវ មេភូមិ ទ្រលោកលិច និងលោក នួន ឈាន មេភូមិទ្រលោកត្បូង ដែលបានយកដីស្រែនៅតំបន់៣ មកលក់ឲ្យ ហើយនិយាយមិនប៉ះពាល់អ្វីឡើយ។ ទិញហើយធ្វើយូរទៅគេឈ្វៀលអោយហើយ ម្យ៉ាងវិញកុំថា ទិញពីខ្ញុំ (អែម ណុយ) បើមានគេសួរ ឆ្លើយឲ្យថ្លៃអេស្កាដែលឈូសឆាយព្រៃទៅបានហើយ។ លិខិតដដែលបានឲ្យដឹងថា “ពួកខ្ញុំដែលជាពលរដ្ឋឆោតល្ងង់ និងអត់ដីធ្វើស្រែផង ក៏នាំគ្នាទិញទៅ។ នៅពេលនេះយើងសំណូមពរសូមសម្តេចតេជោ ជួយឲ្យលោកអែម ណុយ ផ្តល់ប្រាក់សងមកយើងខ្ញុំផង ព្រោះជំពាក់ធនាគាទាំងអស់គ្នា។
របាយការណ៍នេះ បានបញ្ជាក់មានពលរដ្ឋចំនួនប្រាំ៥នាក់បានចេញមុខទាមទារលុយថ្លៃទិញដីពីមេឃុំភ្នំលៀប មកវិញរួមមាន៖ ១. លោក ម៉ាន ឡាត់ ភេទប្រុសនៅភូមិត្រយោង បានទិញដីចំនួន២០ ហិកតា អស់ប្រាក់ ៨០០០ ដុល្លារ ។ ២. ឈ្មោះ ប៉ិ សៀត ជាមេភូមិ អន្លង់សារ បានទិញដីចំនួន២០ ហិកតាអស់ប្រាក់ ១១០០០០ បាត ។ ៣. ឈ្មោះ អ៊ិត អេន ភេទប្រុស នៅភូមិទ្រយោង បានទិញដី៣០ ហិកតា អស់ប្រាក់១៥០០០ ដុល្លា ។ ៤. ឈ្មោះចក់ គង់ ភេទប្រុស នៅភូមិទ្រលោកត្បូង ទិញដីចំនួន ២០ ហិកតា អស់ប្រាក់ ៨០០០ដុល្លា ។ ៥. ឈ្មោះផាត គឿង ភេទប្រុស នៅភូមិទ្រលោកត្បូង ស្ថិតក្នុងភូមិពាម ឃុំភ្នំលៀប ស្រុកព្រះនេតព្រះ។
លោក ចក់ គង់ ពលរដ្ឋនៅភូមិទ្រលោកត្បូង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកបានទិញដីរួមគ្នាជាមួយកូនចំនួន៣០ហិកតា ក្នុងភូមិសាស្រ្ត ភូមិពាមកំពង់ក្រសាំង ស្ថិតនៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ពីលោកអែម ណុយ មេឃុំភ្នំលៀប នៅចន្លោះឆ្នាំ២០១៨ ដោយលោកអែម ណុយ បានអះអាងថា ដីនេះជាដីកម្មសិទ្ធិរបស់គាត់ដែលគ្មានពាក់ព័ន្ធ ឬមានទំនាស់ជាមួយអ្នកណាទោះទេ។ លោក ចក់ គង់ បញ្ជាក់ថា ដោយសារលោកចង់បានដីស្រែ ស្របពេលលោកអែម ណុយ ជាមេឃុំ ដែលលោកចាត់ទុកជាអាណាព្យាបាល ប្រកាសលក់ដីស្រែ លោកក៏បានខ្ចីលុយធនាគា និងបង្វិលលុយពីញាតិមិត្តទិញដីស្រែពីលោក អែម ណុយ ចំនួន ៧ពាន់ដុល្លារ។ ការប្រគល់លុយ ធ្វើឡើងជាពីរដំណាក់កាល គឺលើកទីមួយចំនួន ៤០០០ ដុល្លារ និងក្រោយមកទៀត ៣០០០ដុល្លារ ។ លោក ចក់ គង់ បន្តថា ការទិញលក់នេះមិនមានឯកសារត្រឹមត្រូវនោះទេ ដោយសារ លោកអែម ណុយ អះអាងធានាថាមិនមានបញ្ហា ហើយក្រោយធ្វើស្រែបានមួយរយៈ លោកនឹងកាត់ឈ្វៀលអោយហើយ។ ដោយឡែកឈ្មោះ ហាន សំអេន និងឈ្មោះ អ៊ិត អៀត ឬ(អ៊ិត អេន) ពលរដ្ឋនៅភូមិទ្រយោង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គ្រួសាររបស់លោក បានទិញដីស្រែទំហំ៣០ហិកតា នាភូមិសាស្ត្រភូមិពាម ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ក្នុងតម្លៃ១៥០០០ដុល្លារ ពីលោកអែម ណុយ មេឃុំ ភ្នំលៀបកាលពីចន្លោះឆ្នាំ២០១៧ ជាពេលដែលលោកអែម ណុយ ទើបឡើងធ្វើជាមេឃុំថ្មីៗ។ លោកអ៊ិត អៀត បញ្ជាក់ថា លោកទទួលទិញ គឺដោយសាលោក អែម ណុយ បានអះអាងថា ដីនេះជាដីចំណែករបស់លោក សល់ពីការកាត់លក់ឲ្យទៅថៅកែធំៗ។ លោកអ៊ិត អៀត ប្រាប់បន្តថា លោកអែមណុយ និយាយថា ដីគាត់សល់ជាង១០០ហិតតា គឺសល់ពីរដ្ឋ ព្រោះកន្លងមករដ្ឋាភិបាលបានវាស់ដី លក់ឲ្យឈ្មួញធំៗនៅទីតាំងនេះ ក្រោយវាស់វែងគ្រប់ចំនួន ដីដែលនៅសល់នេះគ្មានម្ចាស់ ម្លោះហើយទើបរដ្ឋបានប្រគល់ដីនេះឲ្យមកលោកដែលជាមេឃុំ។ តាមលោក អ៊ិត អៀត ការលក់ទិញនេះ លោកបានប្រគល់លុយឲ្យលោក អែម ណុយ ម្តង២០០០ដុល្លារ ម្តង៣០០០ដុល្លារ រហូតគ្រប់ចំនួន ១៥០០០ដុល្លារ ដែលការទិញលក់នេះមិនមានលិខិតបញ្ជាក់នោះទេ មូលហេតុដោយសារ លោកអែម ណុយ សន្យាការពារសិទ្ធិកាន់កាប់ និងធ្វើលិខិតស្នាមនៅពេលក្រោយ។
ពលរដ្ឋដែលរងគ្រោះដោយការទិញដីពីលោកមេឃុំ នៅក្នុងភូមិសាស្រ្តដីព្រៃលិចទឹក តំបន់បី នាភូមិសាស្រ្ត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាននាំគ្នាស្នើសុំថវិការដែលបានចំណាយអោយលោកមេឃុំ អែម ណុយ មកវិញ ស្របពេលដែលដីស្រែរបស់ពួកគាត់ ត្រូវបានហាមឃាត់មិនឲ្យចូលទៅអាស្រ័យផល។ ចំណែកលោក អែម ណុយ មេឃុំ ភ្នំលៀប បានបញ្ជាក់ប្រាប់អ្នកកាសែតថា លោកបានដឹងលឺរឿងធ្វើស្រែស្រូវនៅលើទីតាំងនេះមែន តែរឿងធ្វើឯកសារ រឿងលក់ទិញដីស្រែលោកមិនដឹងទេ ដោយឡែកទាក់ទងគ្រឿងចក្ររបស់លោកចូលទៅឈូសឆាយដី គឺមានពិតមែន តាមការជួលរបស់ប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា ដីព្រៃលិចទឹកបឹងទន្លេសាប ត្រូវបានរកឃើញថា មានការទន្រ្ទានយ៉ាងធ្ងន់ធ្ងរ ក្រោយលោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានចុះធ្វើការស្រាវជ្រាវ។ បន្ទាប់មកនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យមន្ត្រីក្រោមឱវាទចុះស្រាវជ្រាវ វែកមុខជនល្មើស និងនាំយកមកផ្តន្ទាទោសតាមច្បាប់។ ក្រោយបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ ទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចដាក់ចេញនូវវិធានការចំពោះមុខចំនួន១០ ចំណុច ឲ្យរដ្ឋបាលខេត្ត អនុវត្តការពារដីព្រៃលិចទឹកជាប់បឹងទន្លេសាប។
ចំណុចទី៤ ទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញលិខិតណែនាំដល់ អាជ្ញាធរ ស្រុក ឃុំ បញ្ឈប់រាល់ចរន្តការសុំកាន់កាប់ដី ផ្ទេរសិទ្ធិកាន់កាប់ដី ឬជួលដីរដ្ឋក្នុងដែនព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធលើរាល់លិខិតដែលបានចេញរួចពីពេលមុន។ចំណុចទី៥ បានណែនាំឲ្យ រដ្ឋបាលខេត្តបន្ទាយមានជ័យចាត់វិធានការបញ្ឍប់ការចូលទន្រ្ទានដីក្នុងដែនព្រៃលិចទឹកបន្តទៀត ធ្វើអត្តសញ្ញាណអ្នកដែលបានចូលទន្រ្ទាន និងដំឡើងផែនទី ដើម្បីធ្វើការដកហូតដី នឹងចាត់វិធានការតាមផ្លូវច្បាប់ ទៅតុលាការ។ និងចំណុចទី ១០ បានជំរុញឲ្យ រដ្ឋបាលខេត្តបន្ទាយមានជ័យ រកមុខសញ្ញា និងជូនដំណឹងដល់អ្នកដែលមានធនធានជួលប្រជាពលរដ្ឋចូលកាប់រានដីក្នុងដែនព្រៃលិចទឹក និងមន្ត្រីរាជការស៊ីវិល ក៏ដូចជាកងកម្លាំងដែលបានប្រព្រឹត្តល្មើសចូលទន្ទ្រានដីព្រៃលិចទឹក ឲ្យចេញមុខសារភាព និងប្រគល់ដីជូនរដ្ឋវិញ ដើម្បីទទួលបានការសម្រាលទោសទណ្ឌ។ ចំពោះបុគ្គល ឬអង្គភាពមានសមត្ថកិច្ចដែលដឹងអំពីមុខសញ្ញាប្រព្រឹត្តបទល្មើសហើយមិនរាយការណ៍ ត្រូទទួលខុសត្រូវដោយខ្លួនឯងចំពោះមុខច្បាប់។
ក្រោយការណែនាំត្រូវបានដាក់ចេញ នៅក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ រកឃើញមានការចូលរុករានទន្ទ្រានដីព្រៃលិចទឹកចំនួន ៧ ទីតាំង ដែលមានផ្ទៃដីសរុប ស្មើ៤.៧០០ហិកតា នេះបើតាមរបាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យ។
សូមរំលឹកថា កាលពីពាក់កណ្តាលឆ្នាំ២០១៩ លោក អែម ណុយ មេឃុំភ្នំលៀប បានយកគ្រឿងចក្រ ទៅឈូសឆាយដីអភិរក្ស ដែននេសាទ តំបន់២ ចំណុចរហាលសន្ទូង ស្ថិតនៅក្នុងភូមិកំបោរ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ដីនោះបានចុះបញ្ជីសហគមន៍នេសាទកំបោរ តាំងពីឆ្នាំ២០១៨មកម្ល៉េះ ហើយមានអាជ្ញាធរដែនដី មានឃុំ ស្រុក ខេត្តទទួលស្គាល់ដែនអភិរក្សនេះ ដែលមានលេខយាមការត្រឹមត្រូវ ។
ក្នុងផែនទីសហគមន៍ ក៍មានលោក អែម ណុយ មេឃុំភ្នំលៀប និង លោក អភិបាលស្រុកព្រះនេត្រព្រះ បានចុះហត្ថលេខាទទួលស្គាល់ ផែនទីសហគមន៍ ដែលមានលេខយាមការកំណត់ដី សហគន៍នេសាទកំបោរនេះផងដែរ ។ ទើបតែនៅក្នុងពាក់កណ្តាលឆ្នាំ២០១៩ លោក អែម ណុយ បានយកគ្រឿងចក្រ ឈូសឆាយដីអភិរក្ស ដែននេសាទតំបន់២ អស់ទំហំ ១២០ ហិកតា ហើយលក់ឲ្យឈ្មួញ ដែលក្នុងលិខិត ចុះវាស់វែង និងកំណត់ហេតុ និងលិខិតបញ្ជាក់ ពាក្យសុំកាន់កាប់ដីធ្លី ត្រូវបានចុះហត្ថលេខា ដោយលោក មេឃុំភ្នំលៀប អែម ណុយ និង លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះទៀតផង ។
នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០២១ មានប្រជាពលរដ្ឋជាង ១០០នាក់ មកពីច្រើនភូមិ ដូចជា មកពីភូមិស្រែព្រៃ ឃុំសំបួរ ស្រុកមង្គលបូរី ភូមិកំបោរ ភូមិទ្រលោកលិច ទ្រលោកត្បូង ភូមិពាមកំពង់ក្រសាំង ស្ថិតនៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទៅមើលទីកន្លែងដី ដែលលោកមេឃុំ បានឈូសឆាយ តាំងពីឆ្នាំ២០១៩ ហើយលក់ឲ្យឈ្មួញនោះ។ នៅលើដីនោះ មានព្រៃស្បាត ទើបលាស់ឡើងវិញ ហើយមានកកាយក្រវ៉ាត់ព្រំដីថ្មីៗទៀតផង ៕