(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តបាត់ដំបង រៀបចំពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំ ណោយប្រគល់ជូនអ្នកផ្ទុកមេរោគអេដស៍ចំនួន ១៥២គ្រួសារ។ ការអំណោយនេះ គឺដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល» ផងដែរ។

ពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តរកា ស្ថិតក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង នាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមាន លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង, លោកវេជ្ជបណ្ឌិត តែង គន្ធី អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនិងលោកបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើម ថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តបាត់ដំបង។

ក្នុងឱកាសនោះលោក សុខ លូ បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ បើទោះបីជាសម្តេច មិនបានអញ្ជើញមកដោយផ្ទាល់តែសម្តេច តែងតែមានក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់។

ជាមួយគ្នានេះ លោកបានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានយុទ្ធសាស្ត្រច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហេតុដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកផ្ទុកមេរោគអេដស៍ ដែលជាអ្នកប្រឈមទៅនឹងការវាយលុកពីជំងឺឱកាសនិយមនានា សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា និងឱ្យគ្រប់ចំនួនដូសទៅតាមការកំណត់របស់ក្រសួងសុខាភិបាល។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាពហុវិស័យជាមួយកាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិ ស្ថាប័នរដ្ឋ-ឯកជន សប្បុរសជន និងដៃគូគ្រប់មជ្ឈដ្ឋាន ដើម្បីយើងទាំងអស់គ្នាឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត តែង គន្ធី បានពាំនាំសេចក្តីអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ជូនដល់ជនរួមជាតិឱ្យចូលរួមអនុវត្ត ដើម្បីសុខុមាលភាពគ្រួសារ និងសង្គម ដូចខាងក្រោម៖

ទី១៖ សូមប្រជាពលរដ្ឋ, ក្មួយៗ យុវជន យុវនារី សិក្សាស្វែងយល់ជាប្រចាំនូវចំណេះដឹងថ្មីៗ ស្តីពីការបង្ការការចម្លងមេរោគអេដស៍ ក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ដើម្បីបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ឱ្យបានតាមការគ្រោងទុក។
ទី២៖ ក្នុងករណីសង្ស័យថា បានប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ដោយស្ម័គ្រចិត្ត ដើម្បីទទួលបានសេវាថែទាំ និងព្យាបាលទាន់ពេលវេលា។
ទី៣៖ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះឱ្យបានត្រឹមត្រូវ និងទៀងទាត់តាមការណែនាំរបស់បុគ្គលិកពេទ្យ ទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅទារក ដើម្បីធានាសុខុមាលភាព ទាំងមាតា និងទារក។
ទី៤៖ ត្រូវចូលរួមបញ្ចប់ការរើសអើងនូវគ្រប់រូបភាព ចំពោះអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ស្របតាមច្បាប់ស្តីពីការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា។
ទី៥៖ ត្រូវការពារជាប្រចាំ តាមរយៈការប្រើស្រោមអនាម័យជាពិសេសចំពោះប្រជាពលរដ្ឋទាំងឡាយ ដែលមានមុខរបរប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។
និងទី៦៖ ទន្ទឹមនឹងការយកចិត្តទុកដាក់ចំពោះមេរោគអេដស៍ និងជំងឺអេដស៍ សូមប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះជំងឺរាតត្បាតសកលកូវីដ១៩ ហើយត្រូវការពារឱ្យបានខ្ជាប់ខ្ជួន រស់នៅតាមគន្លងប្រក្រតីភាពថ្មី ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល «៣ការពារ ៣កុំ» ដើម្បីធានាសុខុមាលភាពគ្រួសារ សហគមន៍ និងសង្គមជាតិយើង។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទាំង ១៥២គ្រួសារ ក្នុងគ្រួសារនីមួយៗ ទទួលបានអំណោយ៖ អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកសុទ្ធវីឃែរ ១កេស, ភួយ១, ក្រមា១, ជែល ១ដប, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ និងថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥ម៉ឺនរៀល៕