(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញមន្ត្រីធ្វើផែនការអភិវឌ្ឍន៍ឃុំ ក្នុងឃុំទាំងអស់ទូទាំងខេត្ត ត្រូវស្រង់ទិន្នន័យរយៈពេល៥ឆ្នាំ ឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់អាណត្តិ៥ឆ្នាំ (២០២២ -២០២៧)។

លោក ងួន រតនៈ បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ស្រុកតាំងគោក ខេត្តកំពង់ធំ ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលាស្រុកតាំងគោកជិត១០០នាក់។

បន្ទាប់ពីការលើកឡើងនូវបញ្ហាប្រឈមមួយចំនួនរបស់លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួចមក, លោក ងួន រតនៈ បានកោតសរសើរដល់ថ្នាក់ដឹកនាំក្រុមការងារអាជ្ញាធរ ដែលបានខិតខំរួមគ្នាសម្រេចបាននូវសមិទ្ធផលល្អៗជាច្រើន លើគ្រប់វិស័យទាំងសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គមបានល្អប្រសើ។

លោកបានបន្តថា តួអង្គ៤ ត្រូវយកចិត្តដាក់នៅក្នុងមូលដ្ឋានទាំងការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហប្រឈមប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនោះ គឺមេឃុំ មេប៉ុស្តិ៍ ស្មៀនឃុំ និងមេភូមិ។

បន្ថែមពីនេះ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា៖ «យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពនានា អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំឱ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន»។

លោក សុខ លូ បានបន្ថែមថា ត្រូវមានការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អ្នកបន្តវេន និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋរត់មកទទួលសេវា ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលថ្មីៗ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយមានភាពជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគា្ននេះ លោកបានជំរុញដល់អាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋត្រូវមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ (ដូសជំរុញ) ឱ្យបានគ្រប់គ្នា។ បន្តសិក្សាស្វែងយល់ពីកត្តាទីតាំងភូមិសាស្ត្រ ដើម្បីចុះស្រង់ទិន្នន័យការកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់៣ ឱ្យបានច្បាស់លាស់ និងការដាំដើមឈើឡើងវិញ៕