(ឧត្តរមានជ័យ)៖ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងតាវ នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាអំណោយដ៍ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានរៀបចំពិធីសែនក្រុងពាលីសាងសង់ហើយ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ដោយមានការចូលរួមពីនាយនគរបាលជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានថ្លែងថា ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងតាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ដែលបានរៀបចំសែនក្រុងពាលីសាងសង់នាពេលនេះ មានទំហំ ៧ម៉ែត្រ គុណ១២ម៉ែត្រ ធ្វើអំពីថ្មប្រក់ក្បឿង។

ជាមួយគ្នានេះដែរ ក្នុងនាមមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានថ្លែងនូវការគោរពអរគុណ ចំពោះនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់ពីសុខទុក្ខ និងការរស់នៅរបស់កងកម្លាំងនគរបាលជាតិ។ហើយលោកក៏បានធ្វើការណែនាំបន្ថែមដល់ជាង ឱ្យចិត្តទុកដាក់ក្នុងការសាងសង់ឱ្យស្របតាមស្តង់ដារសំណង់ ដើម្បីធានាបាននូវគុណភាពរឹងមាំយូអង្វែង ដើម្បីងាយស្រួលដល់កងកម្លាំងបំពេញការងារ និងបម្រើសេវាជូនប្រជាពលរដ្ឋ៕