(កំពត)៖ អភិបាលខេត្តកំពត លោក ចាន់ ចេស្តា នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ០១៦នេះ បានបន្តដឹកនាំកម្លាំងសមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើន ដឹកជញ្ជូនទឹកយកទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ នៅក្នុងភូមិបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ដែលកំពុងខ្វះខាតសម្រាប់ ប្រើប្រាស់ប្រចាំថ្ងៃ។
ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា «នៅព្រឹកនេះ កម្លាំងស្នងការដ្ឋានបានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន ០១គ្រឿង សហការជាមួយ អ.ហ ខេត្ត ដឹកនាំដោយលោកអភិបាលខេត្ត បានចុះដឹកទឹកស្អាតជូនប្រជាពលរដ្ឋ ប្រមាណ១,០០០គ្រួសារ»។
បើតាមលោកស្នងការ សម្រាប់ការចែកចាយទឹកជូនប្រជាពលរដ្ឋ នៅស្រុកកំពង់ត្រាចនេះ អាចនឹងធ្វើឡើងរយ:ពេល២ ទៅ៣ថ្ងៃ រួចនឹងបន្តដឹកទឹក យកទៅផ្គត់ផ្គង់នៅស្រុកផ្សេងៗទៀត ដែលកំពុងជួបបញ្ហានេះដែរ។
សូមបញ្ជាក់ថា កាលពីម្សិលមិញ លោកអភិបាលខេត្តក៏បានដឹកនាំកម្លាំងសមត្ថកិច្ច ដឹកទឹកយកទៅឲ្យប្រជាពលរដ្ឋ នៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពតផងដែរ៕