(ភ្នំពេញ)៖ សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំពិធីផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀន និងផលិតផលថ្នាំជក់ដល់ និស្សិតផ្នែកនាដសាស្រ្ត និងសិល្បៈសូនរូប។
ពិធីនេះប្រព្រឹត្តធ្វើឡើក្រោមវត្តមានលោក ស៊ិន សារ៉ាឌី អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងលោក គង់ កន្ថារ៉ា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអប់រំផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងតំណាងមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ក្រសួងសុខាភិបាល។
លោក ជិង ឆោមមុនី សាកលវិទ្យាធិការរង សាកលវិទ្យាល័យ វិចិត្រសិល្បៈ បានបង្ហាញពីគោលបំណងនៃការផ្សព្វផ្សាយនោះថា ដើម្បីយល់ដឹង និងចូលរួមរបស់និស្សិតក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផលិតផលថ្នាំជក់ដើម្បីសុខភាព និងសុវត្ថិភាពសហគមន៍។
ក្នុងនាមនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ទោ លឹម តុងហួត បានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបានជម្រាបជូនថា ៩ខែ ឆ្នាំ២០២១នេះ កម្ពុជាគ្រប់គ្រងបានអ្នកប្រើ និងអ្នកញៀនគ្រឿងញៀន មានចំនួន១៣,៧៣៦នាក់ ក្នុងនោះអ្នកមានមុខរបរជាសិស្សនិស្សិតមានចំនួន ៣,៦៦ភាគរយ ហើយអ្នកមានអាយុពី១៨ឆ្នាំ ដល់៣៥ឆ្នាំ នៅតែមានចំនួនច្រើនជាងគេប្រឈមជាងគេ។
នាឱកាសនោះដែរលោក ស៊ិន សារ៉ាឌី បានថ្លែងអំណរគុណអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងពាក់ព័ន្ធ ដែលតែងតែផ្តល់កិច្ចសហការចូលរួមជួយក្នុងការងារបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន នៅក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈនេះ ព្រោះថាបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នាដែរត្រូវតែមូលមតិគ្នាជួយតាមជំនាញរៀងៗ ខ្លួនធ្វើយ៉ាងណាចូលរួមរក្សាឱ្យបាននូវសុខភាពល្អជូនប្រជាពលរដ្ឋរបស់យើងរស់នៅដោយសុខសាន្ត សហគមន៍មានសុវត្ថិភាព គ្មានបញ្ហាគ្រឿងញៀន គ្មានបញ្ហាថ្នាំជក់ និងគ្មានបញ្ហាជំងឺរាតត្បាតកូវីដ១៩៕