(សៀមរាប)៖ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ ខេត្តសៀមរាប បានកាត់ផ្តាច់រាល់ការហោះហើរមកពីបណ្តាប្រទេសនានា ចាប់តាំងពីអំឡុងខែមីនា ឆ្នាំ២០២០។ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី Singapore Airline បានហោះហើរមកកាន់ខេត្តសៀមរាបជាថ្មី។ ជើងហោះហើររបស់សិង្ហបុរីនាព្រឹកនេះ គឺជាជើងហោះហើរអន្តរជាតិលើកដំបូងហើយ ដែលហោះមកកាន់ខេត្តសៀមរាប បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩។

ជើងហោះហើររបស់សិង្ហបុរី Singapore Airline ហោះមកកាន់ខេត្តសៀមរាបនាព្រឹកនេះ បានដឹកអ្នកដំណើរសរុប ៦៧នាក់។ លោក ទៀ សីហា អភិបាលខេត្តសៀមរាប រួមជាមួយមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តមួយចំនួនទៀត បានអញ្ជើញទៅស្វាគមន៍ការមកដល់នៃជើងហោះហើរ និងស្វាគមន៍អ្នកដំណើរ។

លោក ទៀ សីហា បានថ្លែងចាត់ទុកជើងហោះហើរ និងអ្នកទេសចរនាព្រឹកនេះ គឺជាការវិលមកវិញជាលើកដំបូង នៃជើងហោះហើរអន្តរជាតិ និងអ្នកទេសចរមកកាន់ខេត្តសៀមរាប ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្ដរជាតិសៀមរាប លោក ទៀ សីហា បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងស្ថាប័នពាក់ព័ន្ធ សហការបានល្អ ក្នុងការរៀបចំទទួលអ្នកដំណើរនៅពេលនេះ។ លោកបន្ថែមថា អ្នកដំណើរនឹងតម្រូវឱ្យធ្វើតេស្តរហ័ស ហើយករណីអវិជ្ជមាន ពួកគេអាចធ្វើដំណើរដោយសេរីនៅក្នុងខេត្ត ឬតាមបណ្ដាខេត្តក្រុងនានា រីឯអ្នកវិជ្ជមានតាមឧបករណ៍តេស្ដរហ័ស គឺត្រូវយកសំណាកដើម្បីតេស្ដម៉ាស៊ីន PCR ដែលនឹងបញ្ជាក់រយៈពេល២ ទៅ៤ម៉ោងបន្ទាប់។

លោកអភិបាលខេត្ត មានសុទិដ្ឋិនិយមថា ការមកដល់របស់ភ្ញៀវទេសចរនៅពេលនេះ ជាសញ្ញាដ៏ល្អសម្រាប់សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចសៀមរាបឱ្យងើបឡើងវិញ៕