(ភ្នំពេញ)៖ លោក ហ៊ុន កុសល សកម្មជន និងជាអ្នកគាំទ្រលោក កឹម សុខា ដ៏មុតមាំម្នាក់ បន្តចេញមកវាយសំពង និងបកអាក្រាតទណ្ឌិត សម រង្ស៉ី ទៀតហើយ បន្ទាប់ពីទណ្ឌិតរូបនេះហាក់មិនអស់អាល័យពីសម្ព័ន្ធមិត្តគ្មានរូបរាង ហើយនៅតែបន្តទាញភ្ជាប់លោក កឹម សុខា ជាមួយខ្លួន។

នៅក្នុងសំណេរថ្មីមួយទៀតបង្ហោះលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ លោក ហ៊ុន កុសល បានចាត់ទុកសម្តីរបស់ទណ្ឌិត សម រង្ស៉ី ដែលបន្តស្រែកថា «កឹម សុខា-សម រង្ស៉ី គឺជាមនុស្សតែមួយ» គ្រាន់តែជាសំដីដែលគ្មានសច្ចធម៌ គ្មានការទទួលខុសត្រូវ និយាយបោកបញ្ឆោតប្រជាជនខ្លួនឯង ដោយគ្មានសេចក្តីអាណិតអាសូរប៉ុណ្ណោះ។

លោក កុសល បានសរសេរយ៉ាងដូច្នេះ «ទោះពួកគេខំប្រឹងស្រែក [កឹម សុខា-សម រង្ស៉ី ជាមនុស្សតែមួយ] រហូតថ្ងៃស្លាប់ក៏ដោយ ក៏គ្រាន់ជាសំដីដែលគ្មានសច្ចធម៌ គ្មានការទទួលខុសត្រូវ និយាយបោកបញ្ឆោតតែប្រជាជនខ្លួនឯងដោយគ្មានសេចក្តីអាណិតអាសូរប៉ុណ្ណោះ»

ដើម្បីគាំទ្រដល់អ្វីដែលខ្លួនបានលើកឡើងថា សម្តីទណ្ឌិត សម រង្ស៉ី គ្រាន់តែជាទង្វើបោកបញ្ឆោតនោះ លោក ហ៊ុន សែន បានលើកបង្ហាញនូវទឡ្ហីករណ៍មួយចំនួនមកសំអាងដូចខាងក្រោម៖
១៖ បោះបង់មាតុភូមិទាំងសំបុកចោលសង្រ្គោះជាតិ ចោលលោក កឹម សុខា ដែលទណ្ឌិត សម រង្ស៉ី ខ្លួនឯង តែងតែពោលជាមនុស្សតែមួយ។ និយមន័យ «មនុស្សតែមួយ» គឺការរួមសុខ រួមទុក្ខជាមួយគ្នា មិនមែនរួមតែសុខ ឬរួមតែពេលសប្បាយរីករាយទេ។ ការបោះបង់ចោលគ្នាក្នុងគ្រាទុក្ខលំបាកមិនមែនជានិយមន័យពិតរបស់ «មនុស្សតែមួយ» ទេ។ ប៉ុន្តែជានិយមន័យទង្វើរបស់មនុស្សអាត្មានិយម មនុស្សគ្មានភក្តីភាព សូម្បីក្មេងក៏ពួកគេអាចយល់ អ្វីជាខ្លឹមសារ «មនុស្សតែមួយ» ដែរ។ ប្រពន្ធប្តីក្តី មិត្តភក្តិក្តី ឬដៃគូជំនួញក្តី ដៃគូនៅក្នុងឆាកនយោបាយក្តី គឺបង្ហាញឲ្យឃើញនូវចិត្តស្មោះត្រង់ពិតប្រាកដគឺនៅពេលស្ថានភាព ដៃគូ/ មិត្តភក្តិ ជួបគ្រោះអាសន្ន ហើយមិនបោះបង់ចោលគ្នាទើបហៅថា ជាមនុស្សមានចិត្តភក្តីភាពនឹងគ្នា ដោយមិនបោះបង់ចោលគ្នា។ ទង្វើក្បត់ និងស្មោះត្រង់មិនពិបាកយល់ទេ ព្រោះមនុស្សភាគច្រើនសុទ្ធតែឆ្លងការពិសោធន៍លើរឿងនេះ។

២៖ ទណ្ឌិត សម រង្ស៉ី បានឱ្យដំណើរការគណបក្សភ្លើងទៀនឡើងវិញ ចំណែកមន្ត្រីបក្សសង្គ្រោះជាតិចេញពីកូតា សម រង្ស៉ី ទាំងសំបុកបានត្រឡប់ទៅភ្លើងទៀនវិញក្រោមពាក្យថា «តោះ! ទៅផ្ទះយើងវិញ» ដូច្នេះមានន័យថា សម រង្ស៉ី មិនដែលចាត់ទុកគណបក្សសង្គ្រោះជាតិជាផ្ទះរបស់ពួកគេទេ ព្រោះពួកគេបានដកបេក្ខភាព «គណបក្សភ្លើងទៀន» របស់ សម រង្ស៉ី ចេញពីការរួបរួមបង្កើតសង្រ្គោះជាតិដាច់ស្រឡះ ដែលផ្ទុយពីអ្វីដែលពួកធ្លាប់ប្រកាសប្រាប់ដល់ប្រជាពលរដ្ឋថា នឹងប្តូរផ្តាច់នៅជាមួយគណបក្សសង្គ្រោះជាតិ មិនក្បត់ការរួបរួម មិនក្បត់ឆន្ទៈរបស់ប្រជាពលរដ្ឋ។

ការដកខ្លួនចេញរបស់គណបក្សភ្លើងទៀន គឺជាទង្វើក្បត់ការរួបរួមច្បាស់ក្រឡែត។ ដូច្នេះសិក្សាពីនិយមន័យ នៃការរួបរួម គឺបូកបញ្ចូលគ្នានៃចំនួន [+] មិនមែនចំនួនដកទេ គឺមានន័យថា សម រង្ស៉ី និងបក្ខពួកកំពុងធ្វើនយោបាយលេខដក [-]។ សកម្មភាពនយោបាយដែលប្រើចំនួនដក គឺជានយោបាយចាញ់ៗ ដូច្នេះហើយទើប សម រង្ស៉ី ដឹកនាំកម្លាំងគាំទ្ររបស់ កសិករ ពលករ អាជីវករ និងប្រជាពលរដ្ឋខ្មែររងនូវភាពបរាជ័យជាបន្តបន្ទាប់ៗ។ អ្នកនយោបាយដែលខ្វះការប្តេជ្ញាចិត្តខ្ពស់ ទោះមានកម្លាំងនយោបាយធំបែបណា ក៏មិនអាចដឹកនាំឆន្ទៈប្រជាពលរដ្ឋទៅរកជ័យជម្នះបានដែរ។ ព្រោះជាអ្នកនយោបាយដែលមានសមត្ថភាពត្រឹមតែគោះប៉ោត គោះតោក គោះឆ្នាំង ចាន បង្អើលតែចាប បង្អើលមាន់ទា ឱ្យញាប់ញ័រតាមស្ថានការណ៍កំប៉ិកកំប៉ុកប៉ុណ្ណោះ។

ក្នុងសំណេរនេះ លោក ហ៊ុន កុសល ក៏ឆ្លៀតឌឺដងទៅតណ្ឌិត សម រង្ស៉ី និងបក្ខពួករឿងវិលត្រឡប់ចូលប្រទេសកម្ពុជាផងដែរ។ លោក បានលើកឡើងថា ជាឱកាសល្អសម្រាប់ទណ្ឌិត សម រង្ស៉ី និងមនុស្សជំនិតសម្រាប់ការវិលចូលប្រទេសជាថ្មី ដោយថ្មីៗនេះតុលាការប្រកាសឱ្យទណ្ឌិត សម រង្ស៉ី និងបក្ខពួកលាសញ្ជាតិទីពីរ ហើយរដ្ឋាភិបាលនឹងបើកច្រកឱ្យទណ្ឌិត សម រង្ស៉ី ចូលមកតតាំងក្តីនៅកម្ពុជា។ ដូច្នេះបើទណ្ឌិត សម រង្ស៉ី មានចិត្តសឿងមែននោះ ត្រូវតែប្តេជ្ញាចិត្តចូលមកតតាំងក្តីដោយភាពក្លាហាន កុំភ័យខ្លាចរហូតសូម្បីមិនហ៊ានចូលទឹកដីកូរ៉េ ត្រូវតែមានការធានាដោយរដ្ឋាភិបាលកូរ៉េ ដូចកាលគាត់ទៅចូលរួមសមាជអ្នកប្រជាធិបតេយ្យ ជាមួយចលនាយុវជនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូងនោះទេ។

លោក កុសល បានទម្លាយថា ភាពកំសាករបស់ទណ្ឌិត សម រង្ស៉ី យុវជនគណបក្សសង្រ្គោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូងបានដឹងគ្រប់គ្នា ព្រោះពួកគេធ្វើការផ្ទាល់ជាមួយរដ្ឋាភិបាលកូរ៉េ ដើម្បីធានាសុវត្ថិភាពជូន សម រង្ស៉ី។

សូមបញ្ជាក់ថា សង្គ្រាមសម្តីរវាងភាគីលោក កឹម សុខា និងភាគីទណ្ឌិត សម រង្ស៉ី កំពុងផ្ទុះឡើងជារៀងរាល់ថ្ងៃ បន្ទាប់ពីលោក កឹម សុខា ប្រកាសចែកផ្លូវជាមួយទណ្ឌិត សម រង្ស៉ី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។ ការប្រកាសចែកផ្លូវនេះ ក្រោយពេលគណបក្សភ្លើងទៀន ដែលជាគណបក្សបង្កើតឡើងដោយទណ្ឌិត សម រង្ស៉ី ចាប់ផ្តើមដំណើរការសកម្មភាពនយោបាយឡើងវិញ។

បើទោះបីលោក កឹម សុខា ប្រកាសចែកផ្លូវយ៉ាងណាក្តី ទណ្ឌិត សម រង្ស៉ី នៅតែព្យាយាមទាញយកលោក កឹម សុខា ទៅភ្ជាប់ជាមួយខ្លួន ជាហេតុនាំឱ្យភាគីលោក កឹម សុខា ត្រូវចេញមកបកអាក្រាត និងច្រានចោលរាល់សកម្មភាពភូតកុហក និងបោកបញ្ឆោតរបស់ទណ្ឌិត សម រង្ស៉ី ស្ទើរតែរាល់ថ្ងៃ៕