(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំនៅកម្ពុជាបានបញ្ជូនអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េ មកកាន់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០០៣ ដើម្បីចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍របស់ពួកគេ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការរស់នៅ និងជីវភាពរបស់ប្រជាជន និងដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

ប្រជាជនទូទាំងសកលលោកបានទទួលរងឥទ្ធិពលពីវីរុសកូវីដ-១៩។ KOICA បានធ្វើការសម្រេចចិត្តយ៉ាងលំបាកនៅក្នុងការបញ្ជូនអ្នកស្ម័គ្រចិត្តរបស់ខ្លួនចំនួន ៦៣នាក់ត្រឡប់ទៅប្រទេសកូរ៉េវិញ កាលពីខែមីនា ឆ្នាំ ២០២០ កន្លងទៅ ហើយគ្រប់សកម្មភាពការងារស្ម័គ្រចិត្តទាំងអស់ត្រូវបានពន្យាពេលដោយសារតែការរីករាលនៃមេរោគមួយនេះ។

ការរិយាល័យ KOICA នៅកម្ពុជាជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការគ្រប់គ្រងការរីករាលដាលនៃមេរោគនេះបានយ៉ាងល្អ ដូច្នេះហើយទើប KOICA សម្រេចចិត្ដធ្វើការបញ្ជូនអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េ ចំនួន ៨នាក់ត្រឡប់មកប្រទេសកម្ពុជាវិញ។

ប្រទេសកម្ពុជាជាប្រទេសដំបូងគេក្នុងចំណោមបណ្ដាប្រទេសទាំងអស់នៅទូទាំងសលកលលោកដែលបានទទួលអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េក្រោយពីបានផ្អាកមួយរយៈពេល។ អ្នកស្ម័គ្រចិត្តដែលបានបញ្ជូនមកនាពេលនេះនឹងត្រូវទៅបម្រើការងារស្ម័គ្រចិត្តរបស់ខ្លួននៅរាជធានីភ្នំពេញ និងនៅតាមបណ្ដារខេត្ដមួយចំនួនដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តកំពត នៅលើជំនាញអប់រំភាសាកូរ៉េ កុំព្យូទ័រ (ទូទៅ) និងគិលានុបដ្ឋាយិកា។ ពួកគេនឹងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

កម្ពុជាបានខិតខំប្រឹងប្រែងនៅក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ និងសម្រេចបាននូវភាពជោគជ័យគួរជាទីមោទនដោយចំនួនករណីឆ្លងត្រូវបានធ្លាក់ចុះនៅទូទាំងប្រទេស។ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់វ៉ាក់សាំងការពារមេរោគកូវីដ-១៩ជូនប្រជាជនប្រមាណជា ៨៨,៧២% នៃប្រជាជនសរុបរបស់ខ្លួន និងបានចាប់ផ្ដើមយុទ្ធនាការណ៍ចាក់ដូសជំរុញផងដែរ។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជា អ្នកស្ម័គ្រចិត្តដែលបានបញ្ជូនមកនាពេល នេះគឺពួកគេទទួលបានការចាក់វ៉ាក់សាំងពេញលេញ ដើម្បីធានាការអនុវត្តការងារស្ម័គ្រចិត្តប្រកបដោយទំនុកចិត្ត និងមានប្រសិទ្ធិភាព។

ការរិយាល័យ KOICA នៅកម្ពុជា គឺជាទីភ្នាក់ងារអនុវត្តន៍កម្មវិធីអ្នកស្ម័គ្រចិត្តមួយរបស់ WFK ដែលជាកម្មវិធីបញ្ជូនអ្នកស្ម័គ្រចិត្តជនជាតិកូរ៉េទៅទូទាំងពិភពលោក។ គិតមកដល់ខែធ្នូ ឆ្នាំ ២០២១នេះកយកា-KOICA បានបញ្ជូនអ្នកស្ម័គ្រចិត្ត និងទីបឹក្សាចំនួន ៧៧៧នាក់មកកាន់កម្ពុជា។ អ្នកស្ម័គ្រចិត្តដែលបានបញ្ជូនកន្លងមកបានបំពេញការងារជាមួយក្រសួងយ៉ាងតិចចំនួន២៥ និងស្ថាប័នថ្នាក់ក្រោមជាតិនៅកម្ពុជាទៅលើជំនាញផ្សេងៗគ្នា៕