(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជូនសារទៅអ្នកកាប់ទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបទាំងអស់ សូមសម្តែងភាពស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល និងប្រជាជន ចំពោះទង្វើបំពានរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា។

ការផ្ញើសារបែបនេះរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើឡើងនៅក្នុងពិធីបិទសន្និសីទអន្តរជាតិស្តីពី «បរិបទថ្មីនៃទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ» នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ នារាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត សុខ ទូច បានផ្ញើសារយ៉ាងដូច្នេះថា៖ «អញ្ចឹងមិនអាចយកស្អីដែលជារបស់អង្គរវត្តបានទេ នៅលើទីលានជល់ដំរី នៅលើផ្ទាំងប្រាសាទអង្គរវត្ត មានត្រីច្រើនណាស់ ហេតុអីបានជាមានត្រីច្រើននៅលើផ្ទាំងអង្គរវត្ត ព្រោះមានបឹងទន្លេសាប ប៉ុន្តែខ្មែរបច្ចុប្បន្ននេះ ដើម្បីផលប្រយោជន៍រៀងខ្លួន ហ៊ានកាប់បឹងទន្លេសាប ខ្ញុំយកឱកាសនេះនិយាយ គ្រាន់តែខេត្តកំពង់ធំមួយអស់១០ម៉ឺនជាងហិចតា តែឆ្លើយតែ៣ពាន់ទេ ខ្ញុំទប់អត់បានផ្តាំទៅថា មិនមែន៣ពាន់ទេ ជាង១០ម៉ឺនហិចតា សូមឱ្យអ្នកទាំងអស់នោះមានភាពស្មោះត្រង់ចំពោះប្រជាជនកម្ពុជា ជាមួយរដ្ឋាភិបាល […] ខ្ញុំទប់អត់បានអញ្ចឹងខ្ញុំ យកវេទិកានេះប្រាប់ហើយ សូមឱ្យអ្នកទាំងអស់នោះសម្តែងភាពស្មោះត្រង់ ខ្ញុំស្គាល់ម្ចាស់ភាគច្រើនហើយ តែសូមឱ្យអ្នកទាំងអស់នោះសម្តែងការពិត ជូនរដ្ឋាភិបាល ខ្ញុំដឹងថាមានគ្រោះថ្នាក់ ប៉ុន្តែខ្ញុំធ្វើដើម្បីបុព្វហេតុជាតិ យុវជន ហើយយុវជនត្រូវត្រៀមខ្លួន»

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យក្រសួងស្ថាប័ន និងអាជ្ញាធរខេត្ត ជាពិសេសខេត្តជុំវិញបឹងទន្លេសាប ត្រូវបើកប្រតិបត្តិការយ៉ាងក្ដៅគគុក ចុះទៅបង្ក្រាប និងដកហូតដែនដីព្រៃលិចទឹក ដែលរងការរំលោភបំពាន កាន់កាប់រាប់ពាន់ហិចតា នាពេលកន្លងមក ជាពិសេសក្នុងខេត្តកំពង់ឆ្នាំងតែម្ដង។

យុទ្ធនាការនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានចុះទៅពិនិត្យជាក់ស្ដែងនៅតំបន់ ព្រៃលិចទឹក រហូតអ្នកដែលកាន់កាប់ព្រៃលិចខុសច្បាប់ទាំងនេះ បានចេញមកទទួលស្គាល់កំហុស និងបានប្រគល់ដីទាំងនេះជូនរដ្ឋវិញផងដែរ៕

ខាងក្រោមនេះជាការលើកឡើងរបស់លោកបណ្ឌតិ សុខ ទូច៖