(ភ្នំពេញ)៖ កម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្ក្រាបក្រុមវាយចោរប្លន់បានចំនួន៩នាក់ បន្ទាប់ពីក្រុមចោរទាំងនោះបានប្លន់យកម៉ូតូពី២នាក់ប្តីប្រពន្ធ បានសម្រេចនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលយប់ថ្ងៃទី១៥ ខែធ្នូ រួចក្រុមជនសង្ស័យទាំងអស់នោះបាននាំគ្នារត់គេចបាត់អស់។

លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មានអង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ថា ប្រតិបត្តិការបង្ក្រាបក្រុមចោរទាំងនេះបានធ្វើឡើងនៅយប់ថ្ងៃទី១៦ ខែធ្នូ ស្ថិតនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ដោយមានកម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងនគរបាលជំនាញ នៃអធិការខណ្ឌ ក្រោមការបញ្ជារផ្ទាល់ពីលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។

លោក ម៉ន វុធី បានឲ្យដឹងថា ជនសង្ស័យទាំង៩នាក់រួមមាន៖

*ទី១៖ ឈ្មោះ ឈុំ ឆារ៉ាន់ មុខរបរមិនពិតប្រាកដ
*ទី២៖ ឈ្មោះ សារ៉ាត់ ចាន់វីរៈ មុខរបរមិនពិតប្រាកដ
*ទី៣៖ ឈ្មោះ ពៅ វិសាល មុខរបរមិនពិតប្រាកដ
*ទី៤៖ ឈ្មោះ ណុង វណ្ណា មុខរបរមិនពិតប្រាកដ
*ទី៥៖ ឈ្មោះ ផល សេង មុខរបរមិនពិតប្រាកដ
*ទី៦៖ ឈ្មោះ ព្រែក សុខណេត ភេទស្រី មុខរបរមិនពិតប្រាកដ
*ទី៧៖ ឈ្មោះ លី សុថា មុខរបរមិនពិតប្រាកដ
*ទី៨៖ ឈ្មោះ ទុំ ប៊ុនថៃ មុខរបរមិនពិតប្រាកដ
*ទី៩៖ ឈ្មោះ យឿន វិចិត្រ មុខរបរមិនពិតប្រាកដ។ ចំណែកឯជនរងគ្រោះឈ្មោះ ស៊ាន តុលា អាយុ២៨ឆ្នាំ មុខរបរធ្វើចុងភៅស្នាក់នៅផ្ទះជួលជាភរិយាភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកកំពង់ត្រាចខេត្តកំពត។

លោក ម៉ន វុធី បានបញ្ជាក់ថា ដំណើររឿងនៅមុនពេលកើតហេតុ ប្ដីប្រពន្ធពីរនាក់រងគ្រោះខាងលើបានជិះម៉ូតូម៉ាក suzuki និចមួយគ្រឿងពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1TZ-9210 ពួកគេទាំងពីរនាក់ ធ្វើដំណើរចេញពីកន្លែងធ្វើការជិះមកកន្លែងបន្ទប់ជួលស្នាក់នៅ ខណៈជិះមកដល់ចំណុចកើតហេតុមស្រាប់តែមានជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូ ២ គ្រឿងម៉ាក pcx មួយគ្រឿងនិងម៉ាកស៊ូគីនិចមួយគ្រឿង មិនចាំស្លាកលេខជិះតាមពួកគេ ហើយធ្វើសកម្មភាពវាយប្លន់ដោយមួកសុវត្ថិភាពវាយបណ្ដាលឱ្យជនរងគ្រោះរងរបួស និងដួលរួចក្រុមជនសង្ស័យលើកម៉ូតូជិះទៅបាត់អស់តែម្តង។

ជនសង្ស័យទាំង៩ នាក់ត្រូវបានកម្លាំងនគរបាលជំនាញ នៃអធិការរដ្ឋានខណ្ឌពោធិ៍សែនជ័យកំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។ ចំណែកបក្ខពួកនៅសេសសល់នគរបាល កំពុងស្វែងរកចាប់ខ្លួនបន្ត៕