(ភ្នំពេញ)៖ លោក ស្រី ចំរើន តំណាងក្រុមនិស្សិត និងយុវជនមួយចំនួន ដែលទាមទារឱ្យ លោក កឹម សុខា ចេញមុខបកស្រាយរឿង អាស្រូវស្នេហា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ បានលើកឡើងថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ អាចប្រឈមនឹងការបាត់បង់ ភ័យឯកសិទ្ធិ ក្នុងនាមជាតំណាងរាស្រ្ត ដោយសារតែមានការពាក់ព័ន្ធនឹង៥ករណី។
ការបញ្ចេញទស្សនៈរបស់ តំណាងនិស្សិតរូបនេះ បានធ្វើឡើងបន្ទាប់ពីកញ្ញា ខុម ចាន់ដារ៉ាទី ហៅ «ស្រីមុំ» ដែលរងការចោទថា មានទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានសារភាពនូវចំពោះមុខតុលាការ កាលពីម្សិលមិញ អំពីទំនាក់ទំនងស្នេហារបស់នាង ជាមួយ លោក កឹម សុខា រួមទាំងការណាត់គ្នាទៅលេងនៅក្រុងបាងកកផងដែរ។
លោក ស្រី ចំរើន បាននិយាយថា ករណីចំនួន៥ ដែលលោក កឹម សុខា កំពុងប្រឈមនាពេលនេះរួមមាន៖
ទី០១៖ ពីបទបរិហាកេរ្តិ៍ (បណ្តឹងកញ្ញា ធី សុវណ្ណថា)។
ទី០២៖ បទរំលោភលើសេចក្តីទុកចិត្ត និងពាក់ព័ន្ធអំពើពុករលួយ ដោយបានយកលុយដែលប្រមូលបានពីមូលនិធិ នៅក្នុងនិងក្រៅ ប្រទេសយកទៅប្រើប្រាស់ ជាប្រយោជន៍ផ្ទាល់ខ្លួន (មាត្រា៣៩១ ក្រមព្រហ្មទណ្ឌ) ។
ទី០៣៖ ជាប់ពាក់ព័ន្ធញុះញ៉ុង និងបញ្ជាឲ្យ ស្រីមុំ ផ្តល់សក្ខីកម្មក្លែងក្លាយ ដល់អជ្ញាធរមានសមត្ថកិច្ច (នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន)។
ទី០៤៖ បញ្ជា ញុះញ៉ុង និងផ្តើមគំនិត បង្ខំឱ្យស្រីមុំ យកកូនចេញ គឺជាបទឧក្រិដ្ឋ សម្លាប់មនុស្ស។
ទី០៥៖ អាចជាប់ពីបទសញ្ចារកម្ម គឺបានល្បួង លួងលោម នារីជាច្រើនមិនថា ចំពោះស្រីមុំ ដើម្បីយកទៅបំរើ កាមតណ្ហា របស់ខ្លួនដោយសន្យា ក្នុងការផ្តល់លុយ ទិញផ្ទះ និងដី បើកហាងរកស៊ីផ្សេងៗ ។ល។ល។
លោក ស្រី ចំរើន បានលើកឡើងថា «ឆ្លងកាត់ការផ្តល់ចម្លើយ ដល់ព្រះរាជអាជ្ញា ជាច្រើនម៉ោងមកនេះ កញ្ញា ស្រីមុំ ក៏បានផ្តល់ នៅការពិតរួចមកហើយដែរថា សំឡេងដែលកញ្ញាបានសន្ទនាជាមួយ លោក កឹម សុខា នោះជាសម្លេងពិតប្រាកដរបស់នាងមែន។ ដូចនេះ ខ្ញុំរួម ទាំងមជ្ឈដ្ឋានទូទៅ យល់ឃើញថា សម្លេងភាគីបុរសជាដៃគូសន្ទនានោះជាសំឡេងរបស់ លោក កឹម សុខា ពិតប្រាកដមែន»។
លោក ស្រី ចំរើន បានអះអាងថា លោកនឹងរង់ចាំតាមដានបន្តចំពោះនិតិវិធីរបស់ តុលាការចំពោះករណី លោក កឹម សុខា និងស្រីមុំ។ ប៉ុន្តែលោកសំណូមពរ ឱ្យតុលាការដោះស្រាយដោយយុត្តិធម៌ និងតម្លាភាព ចំពោះកញ្ញា ស្រីមុំ ព្រោះស្រីមុំ ដែលបានសារភាព ការពិតរួចមកហើយ។
លោកថា «ក្នុងនាមស្រីមុំ ជាអ្នករងគ្រោះ ជានារីទន់ខ្សោយ តែគាត់ក្លាហាន ក្នុងការឆ្លើយបំភ្លឺ អញ្ចឹង សូមតុលាការ គិតគូរឲ្យបានម៉ត់ចត់ និងជួយរក យុត្តិធម៌ តាមនិតិវិធីរបស់តុលាការចំពោះ ស្រីមុំ និង កោះហៅលោក កឹម សុខា ជាភាគីបុរសឲ្យចូលខ្លួនមកបំភ្លឺដូចគ្នា ដើម្បីយុត្តិធម៌របស់ស្រីមុំ និងទំនួលខុសត្រូវរបស់លោកក្នុងរឿងនេះ»៕