(ភ្នំពេញ)៖ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចុះប្រគល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងជនចាស់ជរា ចំនួន ៥០គ្រួសារ នៅសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។

ពិធីនេះក៏មានការចូលរួមពីលោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ, លោកចៅ សង្កាត់ ទួលទំពូងទី១ និងមន្ត្រីពាក់ព័ន្ធនៅវត្តមណិរតនារាម ហៅវត្តទួលទំពូង។

លោក ថេង សុថុល បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។ កាកបាទក្រហមកម្ពុជាដែលមានសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ជាប្រធានតែងបានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរអ្វីឡើយ ដូចពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

លោក ថេង សុថុល បានលើកឡើងទៀតថា ប្រជាពលរដ្ឋជនចាស់ជរា ជនពិការ ត្រូវបានចាត់ទុកថាជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញាត្រូវសង្រ្គោះ ជាបន្ទាន់ ដែលត្រូវទទួលបានអំណោយនៅពេលនេះ ដើម្បីជាការដោះស្រាយជីវភាពក្នុងអំឡុងពេលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។

លោកប្រធានគណៈកម្មាធិការអនុសាខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយត្ន័បន្ថែមទៀត សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ និង ៣កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ និងត្រូវប្រយ័ត្នបំផុតមេរោគបំលែងថ្មីទាំងអស់គ្នា។

សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋរួមមាន អង្ករ ២៥គីឡូក្រាម, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, មី ០១កេស, ម៉ាស ១០សន្លឹក និងថវិកា ២០,០០០រៀល៕