(រតនគិរី)៖ លោក យឹម ផែន អភិបាលរងខេត្តតំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានចុះសួរសុខទុក្ខ និងចែកអំណោយរបស់រាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជូនប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ មកពីភូមិចំនួន២៤ ក្នុងឃុំចំនួន៦ ដែលរងគ្រោះដោយទឹកជំនន់កន្លងមកនៅ ស្រុកវើនសៃ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅបរិវេណវិទ្យាល័យវីរៈជ័យ។

ក្នុងឱកាសនោះលោក យឹម ផែន បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងបានយកចិត្តទុកដាក់ និងតាមដានជាប់ជានិច្ច ចំពោះស្ថានភាពរស់នៅរបស់ទាំងអស់ ជាពិសេសនៅក្នុងពេលរងគ្រោះដោយទឹកជំនន់នេះ សម្តេចទាំងទ្វេតែងតែក្រើនរំលឹកថ្នាក់ដឹកនាំ គ្រប់លំដាប់ឱ្យចុះមកដោះស្រាយ និងជួយទុក្ខធុរៈរបស់ពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកក៏បានផ្ដាំផ្ញើប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាពក្នុងរដូវរងានេះ និងត្រូវបន្ដអនុវត្តវិធានសុខាភិបាល ៣ការពារ ៣កុំ ទោះបីជាបានចាក់វ៉ាក់សាំងរួចរាល់ក្ដី ដើម្បីការពារខ្លួនកាន់តែល្អប្រសើរពីជំងឺកូវីដ១៩។

សូមបញ្ជាក់ផងដែរថា អំណោយដែលនាំមកជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ មកពីភូមិចំនួន២៤ ក្នុងឃុំចំនួន៦ នៅស្រុកវើនសៃ នាឱកាសនេះ ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូ, មី១កេស, ត្រីខ១យួរ និងឃីត១កញ្ចប់៕