(ស្វាយរៀង)៖ ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ទៅលើសោភ័ណ្ឌភាពក្នុងក្រុងនាពេលរាត្រី នៅក្នុងក្រុងស្វាយរៀងរបស់លោក ម៉ែន វិបុល អភិបាលខេត្ត, អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈជាង ៥០០បង្គោល ត្រូវបានរដ្ឋបាលខេត្តធ្វើការជួសជុល និងបំពាក់ឲ្យភ្លឺជាបន្តបន្ទាប់នៅតាមបណ្តាយផ្លូវនានា ដើម្បីបង្កើនសោភ័ណ្ឌភាពក្នុងក្រុង និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

មន្ត្រីសាលាខេត្តស្វាយរៀង បានឲ្យដឹងនៅព្រឹកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះថា បង្គោលភ្លើងប្រមាណ៣០បង្គោលបន្ថែមទៀត សរុបជាង៥០០បង្គោល ត្រូវបានតម្លើង និងបំពាក់អំពូលឲ្យភ្លឺរួចរាល់ ជូនពលរដ្ឋនូវទីតាំងជុំវិញចំណតរថយន្ត និងផ្សារវាលយន្តរួមទាំងផ្លូវមួយចំនួនទៀតក្នុងក្រុងស្វាយរៀង។

មន្ត្រីដដែលបានបញ្ជាក់ថា ចំពោះបង្គោលភ្លើងមួយចំនួនទៀតដែលនៅសេសសល់ មិនទាន់បានជួសជុលក្រុមការងាររបស់រដ្ឋបាលខេត្ត សហការជាមួយក្រុមការងារ អគ្គិសនីស្វាយរៀង ដើម្បីរៀបធ្វើផងដែ។

រដ្ឋបាលខេត្ត និងបន្តជម្រុញការងារបំពាក់ភ្លើងបំភ្លឺផ្លូវនេះ ជាបន្តបន្ទាប់ទៀត ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋ ក៏ដូចជាការកាត់បន្ថយការថ្នាក់ ចរាចរណ៍ និងសន្តិសុខ សុវត្ថិភាព នាពេលយប់ផងដែរ៕