(បន្ទាយមានជ័យ)៖ កម្លាំងជួរមុខប្រចាំភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួមមាន កម្លាំងយោធាសឹករងខេត្ត និងនគរបាលការពារព្រំដែនគោកលេខ៨១៥ បានទប់ស្កាត់ពលករខ្មែរប្រុសស្រី ចំនួន៣២នាក់ ខណៈពួកគេបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ កាលពីវេលាម៉ោង២០៖០០នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិ-ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឱ្យដឹងថា ការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ធ្វើឡើងខណៈដែលកម្លាំងនគរបាល ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្ដិ៍ចំបក់ ចុះអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ដោយសហការជាមួយកម្លាំងយោធាត្បាតជាប្រចាំក្នុងភូមិសាស្ត្រ។

លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបម្រុងលួចឆ្លងដែនខុសច្បាប់ដែលកម្លាំងទប់ស្កាត់បានសរុបចំនួន៣២នាក់ ក្នុងនោះមានស្រី០៩នាក់ កុមារ១៣នាក់ និងរថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពាក់ស្លាលេខបាត់ដំបង 2A-7895។

លោកបានបន្តថា ពលករខ្មែរទាំងនេះ មានទីលំនៅក្នុងខេត្ដបាត់ដំបង។ ក្នុងចំណោមអ្នកទាំង៣២នាក់ មានអ្នកបើករថយន្ដចំនួន០១នាក់ និងព្រូឡាន ០១នាក់ មានឈ្មោះ សឹម ដុល ភេទប្រុស អាយុ៥៦ឆ្នាំ (ព្រូឡាន) និងឈ្មោះ សាត ទួង ភេទប្រុស អាយុ២៧ឆ្នាំ (អ្នកបើកបរ) អ្នកទាំងពីមានទីលំនៅភូមិដំណាក់សាន ឃុំបួរ ស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង។

លោកវរសេនីយ៍ឯក សួង សៅ បានបន្ថែមថា បន្ទាប់ពីឃាត់ខ្លួនសួរនាំរួច សមត្ថកិច្ចបានណែនាំពួកគាត់ ឲ្យដល់ពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងឲ្យធ្វើកិច្ចសន្យាមុនប្រគល់ពួកគាត់ជូនកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាល ស្រុកម៉ាឡៃ ចាត់ការបន្តតាមនីតិវិធីច្បាប់៕