(អេក្វាទ័រ)៖ ប្រធានាធិបតីនៃប្រទេសអេក្វាទ័រលោក Rafael Correa បានថ្លែងឲ្យដឹងនៅមុននេះបន្ដិចថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ បានកើនឡើងដល់ ៥៧០នាក់ ខណៈដែលមនុស្សជាង ២១,០០០នាក់ កំពុងត្រូវការជម្រកស្នាក់នៅជាបន្ទាប់ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP ចេញផ្សាយ Update នៅថ្ងៃទី២១ ខែមេសា។
លោកប្រធានាធិបតីក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ចាប់ពីពេលនេះតទៅ ការបង់ពន្ធសម្រាប់មហាសេដ្ឋី និងពួកអ្នកជំនួញនឹងត្រូវតំឡើងថ្លៃ ហើយសម្រាប់អ្នកដែលមានប្រាក់ចំណូលលើសពី ១,០០០ដុល្លារអាមេរិក នឹងត្រូវកាត់យកថ្លៃឈ្នួលប្រាក់ខែក្នុងមួយថ្ងៃ មកចូលរដ្ឋដើម្បីធ្វើការស្ថាបនា និងកសាងប្រទេសឡើងវិញ។
គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេល ៧ថ្ងៃកន្លងទៅនេះ ប្រទេសអេក្វាទ័របានរងនូវគ្រោះរញ្ជួយដីចំនួនពីរលើក ដោយនៅថ្ងៃទី១៦ ខែមេសា បានកើតឡើងម្ដងក្នុងកម្រិត ៧,៨រ៉ិចទ័រ និងម្ដងទៀតនៅថ្ងៃទី២០ ខែមេសាម្សិលមិញនេះ៕