(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយ បានរៀបចំពិធីប្រកាសជយលាភី ចែកវិញ្ញាបនបត្រ និងប្រគល់ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា និងពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ប្រចាំឆ្នាំ២០២១ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់លោកកត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្រសួងកំពុងសហការជាមួយអង្គការសហប្រជាជាតិអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងក្រសួងបរិស្ថានកំពុងអនុវត្តគម្រោង ការអភិវឌ្ឍដែលបញ្ចេញកាបូនតិចដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការផ្ទែរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន ក្រោមជំនួយឧបត្ថម្ភពីមូលនិធិបរិស្ថានពិភពលោក បានរៀបចំពិធីប្រកាសជយលាភី ចែកវិញ្ញាបនបត្រ និងប្រគល់ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២១ (Cambodian Green Industry Award 2021) និងពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» សម្រាប់ឆ្នាំ ២០២១ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅសាលអង្គរវត្តទីស្តីការក្រសួង និងតាមរយៈប្រព័ន្ធ Zoom Cloud Meeting ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដោយមានតំណាងចូលរួម មកពីអន្តរក្រសួងពាក់ព័ន្ធ វិស័យឯកជន អង្គការ សមាគម និងដៃគូអភិវឌ្ឍន៍សរុបចំនួន១០០នាក់។

សម្រាប់ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ ២០២១ ជាផ្លែផ្កានៃគម្រោងសហការជាមួយអង្គការ UNIDO ស្តីពី “ការអភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិចដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន” សម្រាប់លើកទឹកចិត្ត និងទទួលស្គាល់ទៅដល់រោងចក្រ សហគ្រាស សិប្បកម្មដែលបានអនុវត្តសកម្មភាព និងផ្លាស់ប្តូរឥរិយាបទដំណើរធុរកិច្ចរបស់ខ្លួនដោយគិតគូរពីផ្នែក សេដ្ឋកិច្ច បរិស្ថាន និងសង្គម ព្រមទាំងជួយលើកស្ទួយដល់វិស័យឧស្សាហកម្មនៅកម្ពុជាឱ្យអភិវឌ្ឍឈានមុខ និងប្រកបដោយនិរន្តភាព។

ដោយមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអនុវត្តនូវគម្រោងមួយចំនួន ដើម្បីលើកកម្ពស់ឧស្សាហកម្មបៃតង ក្នុងចំណោមនោះមានគម្រោង “ការអភិវឌ្ឍន៍ដែលបញ្ចេញកាបូនតិចដើម្បីបង្កើនផលិតភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន (TEST)”។ គម្រោងនេះបានផ្តល់ជំនួយបច្ចេកទេសដល់រោងចក្រ សហគ្រាស សិប្បកម្ម ត្រូវបានជ្រើសរើសចូលរួមអនុវត្តវិធីសាស្រ្ត TEST ដែលជាវិធីសាស្រ្តមួយសំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ទឹក និងថាមពល ដើម្បីកាត់បន្ថយផលប៉ះពាល់នៃសកម្មភាពឧស្សាហកម្ម តាមរយៈការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ កាកសំណល់រឹង-រាវ ដែលជាលទ្ធផលបានធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់និយោជិក-កម្មករ ជួយលើកកម្ពស់ផ្នែកសេដ្ឋកិច្ច តាមរយៈការកាត់បន្ថយថ្លៃដើមផលិតកម្មរបស់រោងចក្រ សហគ្រាស សិប្បកម្ម ទាំងនោះ ក៏ដូចជាការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ ទន្ទឹមនឹងនេះដែរ គម្រោងនេះក៏បានផ្តល់ការលើកទឹកចិត្តដល់បណ្តារោងចក្រ សហគ្រាស សិប្បកម្ម ដែលបានអនុវត្តគោលការណ៍សកម្មភាពបៃតងដូចជា ការកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម ទឹក ថាមពល និងកាកសំណល់ចេញពីដំណើរការផលិតកម្ម ហើយដែលគោលការណ៍នេះស្របទៅតាមបទដ្ឋានច្បាប់ និងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល តាមរយៈការទទួលស្គាល់ស្នាដៃសកម្មភាពបៃតងទាំងអស់នេះ និងផ្តល់ពានរង្វាន់ថ្នាក់ជាតិ ហើយក្រសួងសូមលើកទឹកចិត្តឲ្យបន្តការអនុវត្តសកម្មភាពខាងលើ ព្រមទាំងស្វែងរកគំនិតច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីៗដែលគាំទ្រដល់ការអនុវត្តសកម្មភាពបៃតង ដើម្បីជាប្រយោជន៍ដល់បណ្តារោងចក្រ សហគ្រាស សិប្បកម្ម ខ្លួនឯងផង និងសង្គមជាតិផង។

សម្រាប់វិធីសាស្រ្ត «ស៥» ជាវិធីសាស្រ្តសាមញ្ញ ដែលអាចអនុវត្តបាននៅគ្រប់ទីកន្លែង គ្រប់ប្រភេទ និងគ្រប់ទំហំក្រុមហ៊ុន-សហគ្រាស មិនថាឧស្សាហកម្មធុនស្រាល ឬធុនធ្ងន់ ផលិតម្ហូបអាហារ ឬមិនមែនអាហារ ព្រោះវាមានចំណុចពិសេសមួយ «ស៥» ជាមូលដ្ឋានគ្រឹះសម្រាប់ការចាប់ផ្តើមនូវវិធីសាស្ត្រអភិវឌ្ឍផលិតភាពដទៃទៀត តួយ៉ាងដូចជាវិធីសាស្ត្រ TEST នេះជាដើម។ វាមានគុណសម្បតិ្ត មិនត្រឹមតែជួយរៀបចំសណ្តាប់ធ្នាប់ និងរក្សាភាពស្អាតជានិច្ចប៉ុណ្ណោះទេ ហើយថែមទាំងជួយបំបាត់ប្រភពនាំឲ្យមានគ្រោះថ្នាក់ការងារទៀតផង។ កត្តាទាំងនេះនឹងជួយសន្សំប្រាក់ កាត់បន្ថយថ្លៃដើម បំពេញចិត្តអតិថិជន ផ្គត់ផ្គង់ទំនិញទាន់ពេល ពង្រឹងគុណភាពផលិតផល បង្កើនបរិមាណផលិតកម្ម បង្កើនផលិតភាព និងជាចុងក្រោយបង្កើនប្រាក់ចំណេញរបស់ក្រុមហ៊ុន-សហគ្រាស។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត និងទស្សនៈវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រគល់នូវពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា និងវិញ្ញាបនបត្រ ដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម ចំនួន ២១ និងពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» និងវិញ្ញាបនបត្របញ្ជាក់ពីការចូលរួម និងអនុវត្ត «ស៥» ជោគជ័យដល់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម ចំនួន១១ សរុបទាំងអស់ចំនួន ៣២ ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម ដែលបានខិតខំប្រឹងប្រែងលើកកំពស់ផលិតភាព ចូលរួម និងគាំទ្រចំពោះការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយចីរភាព ហើយជាគំរូដ៏ល្អ ជួយដល់ការផ្សព្វផ្សាយ និងពង្រីកសកម្មភាព ក៏ដូចជាជំរុញឧស្សាហកម្មដទៃទៀតនៅក្នុងប្រទេសកម្ពុជាឱ្យចូលរួមចលនាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការការពារបរិស្ថាន ការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាព និងផលិតកម្មស្អាត ការគ្រប់គ្រងបរិស្ថាន និងទំនួលខុសត្រូវសង្គម ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថានក្នុងចំណោមរោងចក្រ សហគ្រាស សិប្បកម្ម និងសាធារណជនទូទៅ។

គួររំឭកផងដែរថា កន្លងមកក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមអនុវត្តគម្រោងចំណុចបំពុលខ្លាំង និងការផ្ទេរបច្ចេកវិទ្យាអំណោយ ផលដល់បរិស្ថាន (HOT SPOT–TEST) ក្នុងឆ្នាំ២០១១ -២០១៣ ដែលជាគំនិតផ្តួចផ្តើមរបស់អង្គការ UNIDO ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារ សហប្រតិបត្តិការ អន្ដរជាតិ កូរ៉េ KOICA ដើម្បីជំរុញនិរន្តភាពនិងការប្រកួតប្រជែងរវាងរោងចក្រ សហគ្រាស សិប្បកម្មនៅកម្ពុជា។ គម្រោងនេះមានគោលដៅដោះស្រាយបញ្ហាបំពុលដែលមានការកត់សំគាល់ក្នុងតំបន់អាងទន្លេមេគង្គកម្ពុជា និងបានធ្វើការលើកទឹកចិត្តដល់រោងចក្រ សហគ្រាស និងសិប្បកម្ម នៅកម្ពុជាឲ្យទទួលបានពានរង្វាន់ឧស្សាហកម្មបៃតងចំនួន១១ ដែលក្នុងនោះរោងចក្រ សហគ្រាស ដែលជាដៃគូគម្រោង HOT SPOT & TEST មានចំនួន០៧ និងរោងចក្រ សហគ្រាស ដែលមិនមែនជាដៃគូគម្រោងមានចំនួន០៤ ហើយជាលទ្ធផលមានរោងចក្រ-សហគ្រាសចំនួន០២ ទទួលបានពានរង្វាន់មាស ឯចំនួន០៤ ទទួលបានពានរង្វាន់ប្រាក់ និងចំនួន០៥ ទទួលបានពានរងា្វន់សំរិទ្ធ ដែលជាលើកទី១ របស់ពានរង្វាន់ឧស្សាហកម្មបៃតង សម្រាប់ឆ្នាំ ២០១៣។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកបរិស្ថានបៃតង ធន់នឹងការប្រែប្រួលអាកាសធាតុ សមធម៌ និរន្តរភាព និងចំណេះដឹងខាងបរិស្ថាន អ្នកពាក់ព័ន្ធផ្សេងៗគ្នា រួមមាន ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ ស្ថាប័នអប់រំ អង្គការក្រៅរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់នឹងនៅតែបន្តធ្វើការយ៉ាងស្និទ្ធស្នាលជាមួយគ្នា ដើម្បីឈានទៅរកឧស្សាហកម្មបៃតងប្រកបដោយប្រសិទ្ធភាព និងបានផ្តាំផ្ញើលើកទឹកចិត្តចំពោះរោងចក្រ សហគ្រាស សិប្បកម្មដែលពុំទាន់ទទួលបានពានរង្វាន់នាឆ្នាំនេះ សូមបន្តខិតខំបន្ថែមទៀត ហើយក្រសួងនឹងនៅតែបន្តជួយគាំទ្រដល់រោងចក្រ សហគ្រាស សិប្បកម្ម នូវបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ និងជួយកែលម្អដើម្បីអាចចូលរួមប្រកួតប្រជែង ពានរង្វាន់ឧស្សាហកម្មបៃតងនៅឆ្នាំបន្តបន្ទាប់ខាងមុខទៀត៕