(ភ្នំពេញ)៖ ពលរដ្ឋខ្មែរមានសញ្ជាតិអាមេរិក រស់នៅទីក្រុងវ៉ាស៊ីនតោន លោក នាវ វិជ្ជា បានបង្ហាញនូវការគាំទ្រពេញទំហឹង ចំពោះការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដាក់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនមកពីគណបក្សប្រជាជនកម្ពុជា។ ពលរដ្ឋខ្មែរសញ្ជាតិអាមេរិករូបនេះ បានមើលឃើញថា លោក ហ៊ុន ម៉ាណែត ជាមនុស្សមិនឆ្មើងឆ្មៃ មានចំណេះដឹងខ្ពស់ ដែលស័ក្តិសមបំផុតជាមេដឹកនាំបន្តវេនរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសជាសាធារណៈដោយគាំទ្រលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជាបន្តវេន របស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ថា បេក្ខភាពនាយករដ្ឋមន្ត្រីនេះ នឹងត្រូវសម្រេចជាផ្លូវការក្នុងសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះដែរ។

ការប្រកាសដាក់បេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនេះ គឺជាការបង្ហាញនូវការរៀបចំដ៏ច្បាស់លាស់មួយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អ្នកបន្តវេនរបស់ខ្លួន។ លោក ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ក្រោយមួយរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាជាតិកម្ពុជាទាំងមូល ដែលទទួលបានការសិក្សាជ្រៅជ្រះ ដោយបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

មិនត្រឹមតែជាបញ្ញវន្តបញ្ចប់ការសិក្សានៅសាលាល្បីកម្រិតអន្តរជាតិប៉ុណ្ណោះទេ លោក ហ៊ុន ម៉ាណែត ជាបញ្ញវន្តដែលបានប្រឡូកជាមួយការងារជាក់ស្តែងយូរឆ្នាំទាំងក្របខណ្ឌបក្ស ក្របខណ្ឌយោធា និងក្របខណ្ឌមនុស្សធម៌។ ជាពិសេសលោក ហ៊ុន ម៉ាណែត ជាបញ្ញវន្តទទួលបានការបណ្តុះបណ្តាល និងទទួលបទពិសោធន៍ពីសាស្ត្រាចារ្យដ៏ខ្លាំងពូកែម្នាក់ទៀត គឺសម្តេចតេជោ ហ៊ុន សែន ដែលជាឪពុករបស់ខ្លួននោះ។

តាមរយៈបទពិសោធន៍ការងារ និងការដុសខាតលុតដំដោយផ្ទាល់ពីឪពុករបស់ខ្លួនផងនោះ លោក ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថា គឺជាអ្នកបន្តវេនដ៏ស័ក្តិសម និងខ្លាំងពូកែមួយរូបនៅកម្ពុជា ដែលអាចធានារក្សាបាននូវសុខសន្តិភាព ស្ថេរភាព ហើយនាំមកនូវវឌ្ឍនភាព និងកិត្យានុភាពជាបន្តសម្រាប់កម្ពុជា។

ចំណុចទាំងអស់នេះហើយ ដែលនាំឱ្យការប្រកាសដាក់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីថ្នាក់ដឹកនាំ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា។ មិនត្រឹមតែថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប៉ុណ្ណោះទេ ប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សុទ្ធតែបានបង្ហាញការគាំទ្រចំពោះវត្តមានរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន។

ក្រៅតែពីប្រជាពលរដ្ឋនៅក្នុងប្រទេសហើយនោះ ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅសហរដ្ឋអាមេរិក ក៏បានបង្ហាញនូវការពេញចិត្តរបស់ខ្លួនចំពោះបេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនផងដែរ។

លោក នាវ វិជ្ជា ពលរដ្ឋខ្មែរមានសញ្ជាតិអាមេរិក កំពុងរស់នៅទីក្រុងវ៉ាស៊ីនតោន បានកត់សម្គាល់ឃើញថា លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីដែលស័ក្តិសមឥតខ្ចោះ ព្រោះលោកមានចំណេះដឹងខ្ពស់ ដែលអាចដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន។ ពលរដ្ឋខ្មែរសញ្ជាតិអាមេរិករូបនេះ បានលើកឡើងថា លោក ហ៊ុន ម៉ាណែត មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការឡើងជាមេដឹកនាំបន្តវេន។

«គាត់ [លោក ហ៊ុន ម៉ាណែត] បានទៅរៀននៅក្រៅប្រទេស នៅ West Point សហរដ្ឋអាមេរិក។ គាត់មានចំណេះដឹងខ្ពស់លើវិស័យយោធា គាត់ចប់បណ្ឌិតផ្នែកសេដ្ឋកិច្ចនៅអង់គ្លេស ហើយគាត់ជាកុលបុត្រខ្មែរមួយរូបដែលពួកខ្ញុំនៅនោះ [អាមេរិក] អាចដឹកនាំបន្តបាន។ គាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឱ្យរីកចម្រើនបន្តពីសម្តេចតេជោ»។ នេះជាការបញ្ជាក់របស់លោក នាវ វិជ្ជា។

លោក នាវ វិជ្ជា ក៏បានកត់សម្គាល់ពីអត្តចរិតរបស់លោក ហ៊ុន ម៉ាណែត នៅពេលចូលរួមសកម្មភាពនានាជាមួយលោក ហ៊ុន ម៉ាណែត ពេលទៅបំពេញការងារនៅសហរដ្ឋអាមេរិកផងដែរ។ លោក វិជ្ជា បានមើលឃើញថា លោក ហ៊ុន ម៉ាណែត ជាមនុស្សដែលមានអត្តចរិតមិនចេះឆ្មើងឆ្មៃ បើទោះបីលោកជាកូនមេដឹកនាំជាតិក៏ដោយនោះ។

លោក វិជ្ជា បានកត់សម្គាល់ពីអត្តចរិតរបស់លោក ម៉ាណែត យ៉ាងដូច្នេះ «គាត់ [លោក ហ៊ុន ម៉ាណែត] ជាមនុស្សសាមញ្ញ គាត់មិនគិតថា យើងមកពីខាងណាទេ ឱ្យតែជាប្រជាពលរដ្ឋខ្មែរ គាត់ស្រឡាញ់ទាំងអស់។ គាត់មិនដែលគិតថា គាត់ជាកូននាយករដ្ឋមន្ត្រី ដែលមានឋានៈខ្ពស់ មិនដែលតម្កើងខ្លួនទេ អត់មានឆ្មើងឆ្មៃ គាត់តែងតែប្រាស្រ័យទាក់ទងជាមួយប្រជាជនដោយភាពស្និទ្ធស្នាល»។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត មានវ័យ ៤៤ឆ្នាំ បច្ចុប្បន្នលោកមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជា។ សម្រាប់កិច្ចការងារនយោបាយវិញ លោក ហ៊ុន ម៉ាណែត ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមានវ័យក្មេងជាងគេ ហើយលោកក៏ជាប្រធានយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាផងដែរ៕