(ភ្នំពេញ)៖ ជម្លោះពាក្យសំដីរឿងជិះម៉ូតូរកប៉ះគ្នាបន្តិចបន្តួច ឈានទៅដល់ការដកកាំភ្លើង បាញ់បុរសម្នាក់ចំនួន៣គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ នៅវេលាម៉ោង ១០៖១០នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២១៧ កែងផ្លូវ៣៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ភ្នាក់ងារព័ត៌មាន Fresh News បានរាយការណ៍ថា ជនរងគ្រោះមានឈ្មោះ ឡាយ សៀកឡេង អាយុ៣២ឆ្នាំ មុខរបរលក់ទូរស័ព្ទដៃនៅផ្សារឃ្លាំងរំសេវថ្មី ស្នាក់នៅផ្ទះលេខ៣៥៧ ផ្លូវជាតិលេខ៥ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមសេចក្តីរាយការណ៍ នៅពេលមុនកើតហេតុ គេបានឃើញជនរងគ្រោះដឹកប្រពន្ធ និងកូន ជិះម៉ូតូម៉ាក Scoppy ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IV-5692 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់កន្លែងកើតហេតុខាងលើ ត្រង់ចំណុចស្តុបស្ពានដែកចំការដូង ស្រាប់តែមានបុរសម្នាក់ (ជនដៃដល់) ជិះម៉ូតូមួយគ្រឿងម៉ាក Socppy ពណ៌ស ពាក់ស្លាកលេខ 1GU-9897 ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ជិះមកអកហ្សឺជាមួយម៉ូតូជនរងគ្រោះ រកប៉ះគ្នាបន្តិចបន្តួច ក៏បង្កជាជម្លោះពាក្យសំដី ឈានទៅដល់ការដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ ១គ្រាប់ចំប្រអប់ដៃ ១គ្រាប់ទៀតចំ ក្រោមដោះខាងស្ដាំ និង១គ្រាប់ទៀតចំ ក្រលៀន ខាងស្ដាំ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ រីឯខ្មាន់កាំភ្លើងក៏ជិះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវខ្មាន់កាំភ្លើង ដើម្បីចាប់មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕