(ភ្នំពេញ)៖ សមាជិកក្រុមគ្រួសារសព ដែលស្លាប់ដោយសារជំងឺកាចសាហាវកូវីដ-១៩ ចំនួន៩គ្រួសារ រស់នៅតាមបណ្ដាភូមិ-សង្កាត់ផ្សេងៗគ្នា នៃខណ្ឌឬស្សីកែវ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ តាមរយៈលោក ឯក ឃុនដឿន អភិបាលខណ្ឌ និងអស់លោក-លោកស្រីចៅសង្កាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីពួកគាត់ទទួលបានការឧបត្ថម្ភដូចជាអាវរងារ គ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាមួយចំនួនក្នុងជីវភាពរស់នៅ។

លោក ឯក ឃុនដឿន ស្ថិតក្នុងសកម្មភាពចុះជួបសួរសុខទុក្ខ សំណេះសំណាល និងឧបត្ថម្ភអាវរងារ គ្រឿងឧបភោគ បរិភោគ និងថវិការបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់សមាជិកក្រុមគ្រួសារសព ដែលមរណៈភាពដោយសារជំងឺកូវីដ១៩ បានជំរុញបន្ថែមទៀតឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ តារយៈការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដែលជាវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា ប្រជាពលរដ្ឋជាគ្រួសារសពក្នុងមួយគ្រួសារ ទទួលអាវរងារ១កញ្ចប់, អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន ២,០០០,០០០រៀលស្មើៗគ្នា ដើម្បីចូលរួមរំលែកទុក្ខ និងដោះស្រាយបញ្ហាមួយចំនួន។ លោក ឯក ឃុនដឿន បានប្រគល់ជូននៅសាលាសង្កាត់ឫស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ស្វាយប៉ាក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១៕