(ភ្នំពេញ)៖ លោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន បានចាត់ក្រុមការងារជាអ្នកមានជំនាញលើការអប់រំ ចុះរៀបចំសិក្ខាសាលានៅតាមវិទ្យាល័យនានានៅទូទាំងប្រទេស ជូនសិស្សត្រូវប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីបង្ហាញពួកគេអំពីជំនាញសិក្សា អត្ថប្រយោជន៍ និងឱកាសការងារ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលនឹងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមប្រកបដោយចីរភាព ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសជុំវិញពិភពលោក ជាពិសេសបណ្តាប្រទេសជាសមាជិកអាស៊ាន។

កាលពីថ្ងៃទី១៤ និងទី១៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ លោក ប្រាងហង្ស សេរីរិទ្ធ នាយករងវិទ្យាស្ថាន និងលោកស្រី ប្រសើរ ម៉ូលីកា ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ បានចុះទៅរៀបចំកម្មវិធីសិក្ខាសាលាតម្រង់ទិសជំនាញសិក្សាជូនដល់សិស្សានុសិស្សវិទ្យាល័យថ្នាក់ទី១២ ក្នុងខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ។ ពិធីនោះមានការចូលរួមពីក្រុមការងារវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត ខេត្តកែប និងព្រះសីហនុ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន វិទ្យាល័យព្រះរាជសម្ភារ វិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស វិទ្យាល័យ ហ៊ុនសែន ចំការដូង និងវិទ្យាល័យហ៊ុន សែន មិត្តភាព ដែលមានអ្នកចូលរួមសរុបទាំង៣ខេត្ត ប្រមាណ ៧៥០នាក់។

សិក្ខាសាលាទទួលបានការទទួលស្វាគមន៍ពីអាជ្ញាធរខេត្ត ក្នុងនោះរួមមាន៖ មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរអប់រំ យុវជន និងកីឡា និង នាយកវិទ្យាល័យគោលដៅ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងបានបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ចំពោះក្រុមការងាររបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានបង្កើតនៅកម្មវិធីសិក្ខាសាលាតម្រង់នេះឡើង ដោយកន្លងមកនៅតាមបណ្តាលវិទ្យាល័យ មិនសូវមានសិក្ខាសាលាតម្រង់ទិញជំនាញសិក្សាដែលមានទ្រង់ទ្រាយធំបែបនេះទេ ដែលកម្មវិធីសិក្ខាសាលានេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ក្នុងការសម្រេចចិត្តជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវ។

ថ្លែងក្នុងសិក្ខាសាលានោះ លោក ប្រាងហង្ស សេរីរិទ្ធ នាយករងវិទ្យាស្ថានបានលើកឡើងថា ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ការធ្វើសិក្ខាសាលាតម្រង់ទិសជំនាញសិក្សា គឺពិតជាមានភាពចាំបាច់ណាស់ ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងសារៈសំខាន់ និងឱកាសការងារ ក្នុងវិស័យសាធារណការ ដឹកជញ្ជូន និងភស្ដុភារកម្មជូនដល់ប្អូនៗ ឱ្យបានកាន់តែទូលំទូលាយ ក៏ដូចជាលើកទឹកចិត្ដឱ្យមានការចូលរួម តាមរយៈការដាក់ពាក្យប្រឡង និងចូលសិក្សានៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានោះ សិស្សថ្នាក់ទី១២ ដែលបានចូលរួមសិក្ខាសាលា បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជំនាញសិក្សារបស់វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដូចជា ជំនាញសំណង់សាធារណការ ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ជំនាញបរិបាលនាវា និងជំនាញម៉ាស៊ីននាវា។ ពួកគេបានលើកឡើងថា ជំនាញទាំងនេះ គឺជាជំនាញដែលមានសក្តានុពល សម្រាប់កសាង និងអភិវឌ្ឍធនធានមនុស្សនៅក្នុងតំបន់ឆ្នេរនៃទិសនិរតី ដើម្បីឆ្លើយតបទៅនឹងតម្រូវការជំនាញទីផ្សារការងារដោយសារក្នុងខេត្តទាំងបីមានកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកន្លែង។ ដូច្នេះក្រោយបញ្ចប់ការសិក្សា ពួកគេនឹងក្លាយខ្លួនជាអ្នកជំនាញក្នុងវិស័យទាំងនោះ និងអាចត្រឡប់មកអភិវឌ្ឍខេត្តរបស់ខ្លួនវិញ។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន គ្រោងនឹងបើកទទួលនិសិ្សតជំនាន់ទី២ នាខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បណ្តុះបណ្តាលើជំនាញចំនួន៦រួមមាន៖ ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ, ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់, ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក, ជំនាញគ្រប់គ្រងភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ជំនាញបើកបរនាវា និងជំនាញម៉ាស៊ីននាវា។

និស្សិតដែលមានបំណងចូលសិក្សានៅវិទ្យាស្ថាន ត្រូវឆ្លងកាត់ការប្រឡងតេស្តសមត្ថភាពជាមុនសិន និងមានតែនិស្សិតដែលប្រឡងជាប់តែប៉ុណ្ណោះ ដែលមានសិទ្ធិចូលរៀនបាន។ មុខវិជ្ជាដែលត្រូវប្រឡងរួមមាន៖ គណិតវិទ្យា រូបវិទ្យា និងតក្កវិទ្យា។

លោក ប្រាងហង្ស សេរីរិទ្ធ បានឱ្យដឹងដែរថា ក្រៅតែពីជំនាញស្នូលខាងលើហើយនោះ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូលចំនួន៣បន្ថែមទៀតរួមមាន៖

* ឥរិយាបទ៖ បំពាក់ និងបណ្ដុះនូវឥរិយាបទ ចរិកលក្ខណៈ សីលធម៌ និងគុណធម៌
* ជំនាញវិជ្ជាជីវៈ៖ ផ្ដល់ជូននូវជំនាញវិជ្ជាជីវៈ និងចំណេះធ្វើ ព្រមទាំងការបទពិសោធន៍ជាក់ស្ដែងនៅតាមកន្លែងធ្វើការទៅតាមជំនាញនីមួយៗ
* ចំណេះដឹងទូទៅ៖ ពង្រីកទស្សនៈវិស័យ និងការយល់ដឹងឱ្យបានទូលំទូលាយ ដើម្បីការរស់នៅ ការចូលរួមចំណែក និងការកសាងសង្គមប្រកបដោយសន្ដិភាព វិបុលភាព និង សុខដុមនីយកម្ម ជូនដល់និស្សិត និងសិក្ខាកាម ដើម្បីឱ្យពួកគេក្លាយជាប្រជាពលរដ្ឋ ដែលមានសមត្ថភាពខ្ពស់ ប្រកបដោយចរិយាមាយាទល្អ៕