(ភ្នំពេញ)៖ លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីបំភ្លឺមួយចំពោះ ការផ្សព្វផ្សាយថា មានការយកឈ្មោះរបស់លោកកៀបរឿងដីធ្លីមួយ នៅខេត្តមណ្ឌលគិរី។

ក្នុងលិខិតរបស់ខ្លួនដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោក ហូ សិទ្ធី បានបញ្ចាក់ថា៖ «នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២១នេះ ចន្លោះម៉ោង ៧ ដល់ម៉ោង ៨ព្រឹក ខ្ញុំបាទមានការភ្ញាក់ផ្អើលដោយបានឃើញលើទំព័រ ហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ ដែលបានសរសេរអំពីរឿងវិវាទដីធ្លីមួយករណ៍នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយនិយាយថា “ឈ្មោះ ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគិរី ដែលជាចៅក្រម កាន់សំណុំរឿង បានយកឈ្មោះខ្ញុំបាទ ទៅដាក់ការកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿង ចែកដីទៅឲ្យ បក្ខពួករបស់ខ្លួនឈ្មោះ ស វុទ្ធា ព្រះរាជអាជ្ញារងខេត្តសៀមរាប ដើម្បីជាថ្នូរនឹងការបញ្ចប់រឿង និង ដោះលែង ឲ្យមានសេរីភាពវិញ»

លោកបានបញ្ជាក់ថា លោកមិនដែលស្គាល់មុខមាត់ និងឈ្មោះ ទៀង សុថា ឬ ស្រេង វុទ្ធា ហើយក៏មិនដឹង ថាម្ចាស់ដីដែលត្រូវជាប់ចោទនោះ ឈ្មោះអ្វីផងដែរទេ។

លោកបានបញ្ជាក់ថា៖ «ខ្ញុំមានការស្អប់ខ្ពើមបំផុតចំពោះមនុស្សទុច្ចរិត និងស្មោកគ្រោកដែលប្រព្រឹត្តនូវអំពើថោកទាប ដោយ បង្អួចកេរ្តិ៍ឈ្មោះរបស់មនុស្សដែលគេមិនទាំងដែលស្គាល់ខ្លួនទៀតផង និងសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអ្នកទាំងនេះ។ ហើយសូមឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមច្បាប់ជាធរមានចំពោះ មនុស្សថោកទាបធុននេះឲ្យបានម៉ឺងម៉ាត់»