(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតកម្មវិធីផ្សាយផ្ទាល់លើទំព័រ Facebook របស់ក្រសួង ដើម្បីផ្តល់នូវព័ត៌មានផ្សេងៗ ព្រមទាំងផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋសាកសួរព័ត៌មានទាក់ទងនឹងសមត្ថកិច្ចរបស់ក្រសួង។

កម្មវិធីផ្សាយផ្ទាល់នេះមានឈ្មោះថា «MPWT LIVE SHOW» ដែលបានចាប់ផ្តើមដំណើរការលើកដំបូងបំផុតនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ដែលវាគ្មិនចូល មកស្វាគមន៍កម្មវិធីផ្សាយផ្ទាល់ពេលនោះ គឺលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងទទួលបានការគាំទ្រយ៉ាងច្រើនពី សំណាក់ប្រជាពលរដ្ឋផងដែរ។

សម្រាប់កម្មវិធីផ្សាយផ្ទាល់ជាលើកទី៥នេះ នឹងរៀបចំឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះក្រោមប្រធានបទ ការផ្តល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក» ដោយមានវាគ្មិនកិត្តិយសលោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។ កម្មវិធីនេះនឹងចាប់ផ្តើមនៅម៉ោង ៥៖០០នាទីល្ងាច ដោយមានការផ្តល់ ឱកាសឱ្យប្រជាពលរដ្ឋ សួរសំណួរពាក់ព័ន្ធនឹងប្រធានបទខាងលើនេះផងដែរ។

សូមបញ្ជាក់ថាកម្មវិធី «MPWT LIVE SHOW» ដែលបង្កើតឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូននេះ គឺជាកម្មវិធីចែករំលែកព័ត៌មានទៅក្នុងសង្គម និងអនុញ្ញាត ឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធសួរសំណួរនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាផ្តល់ឱកាសឱ្យពួកគាត់បានចូលរួមជាមតិយោបល់ជាមួយថ្នាក់ដឹកនាំ ជំនាញពាក់ព័ន្ធ របស់ក្រសួងក្នុងពេលវេលាជាក់ស្ដែង នៅក្នុងបរិបទនៃការប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។

សម្រាប់ប្រជាពលរដ្ឋដែលមានសំណួរទាក់ទងនឹងប្រធានបទ «ការផ្តល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក» អាចសួរសំណួរដោយ ទម្លាក់ចូលក្នុងខមិន ក្នុងលីង
https://facebook.com/353419234842423/posts/1860714214112910/?d=n នេះ ដើម្បីឱ្យមន្ត្រីជំនាញជ្រើសរើស មកឆ្លើយតបក្នុងកម្មវិធីផ្សាយផ្ទាល់ផងដែរ៕