(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (ស.អ.ក.ក-CAMKAA) បានរៀបចំពិធីជួបជុំប្រចាំឆ្នាំ២០២១ ដើម្បីគូសរំលេចឡើងនូវអនុស្សាវរីយ៍ ក៏ដូចជាសមិទ្ធផលការងារ។ ពិធីត្រូវបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កាលពីនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

កម្មវិធីជួបជុំប្រចាំឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោក ហ្យន់ជូន នោ (Hyunjun RHO) ប្រធានតំណាងទីភ្នាក់ងារកយកា ប្រចាំនៅកម្ពុជា លោក ណា សាងដក (Na Sang-deok) ទីប្រឹក្សាស្ថាទូតកូរ៉េសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក អ៉ឹម សួរ ប្រធានសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ(CAMKAA) និងជាអគ្គលេខាធិការរង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមរំលឹកថា សមាគមមានឈ្មោះជាផ្លូវការថា «សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ» សរសេរអក្សរកាត់ (ស.អ.ក.ក) ជាភាសាអង់គ្លេស Cambodia-Korea Alumni Association សរសេរអក្សរកាត់ភាសាអង់គ្លេស (CAMKAA) គឺជាសមាគមមិនប្រកាន់និន្នាការនយោបាយ ឯករាជ្យ និងមិនស្វែងរកប្រាក់ចំណេញ។

CAMKAA ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ២០០២។ សមាគមនេះស្ថិតនៅក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ។ ដំបូងឡើយ សមាគមនេះមានឈ្មោះថា «ក្លឹបខ្ញុំស្រឡាញ់កូរ៉េ» ឬជាភាសាអង់គ្លេសថា «I Love Korea Club»

សមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ គឺជាវេទិកាមួយសម្រាប់សិក្ខាកាមទាំងអស់ជាង ៣,៣៦៨នាក់ ដែលពួកគាត់បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ដើម្បីទ្រទ្រង់ និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េចាប់តាំងពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០២០ ហើយសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ បានរៀបចំសកម្មភាពសង្គមជាច្រើន សម្រាប់ការអភិវឌ្ឍនៅមូលដ្ឋានក្នុងប្រទេសកម្ពុជា ដោយសហការជាមួយការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ។

ពិធីជួបជុំប្រចាំឆ្នាំ របស់សមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ ព្រឹត្តិការណ៍នេះមានគោលបំណងគាំទ្រសមាជិក ឲ្យស្គាល់គ្នាជិតស្និទ្ធតាមរយៈការជួបជុំគ្នា។ ពិធីនេះក៏បានដើរតួនាទីក្នុងការផ្តល់កន្លែងចែករំលែកចំណេះដឹង និងចំណេះធ្វើដល់ប្រជាជនកម្ពុជា ព្រមទាំងជាស្ពានចំលងក្នុងការផ្សារភ្ជាប់ទំនាក់ទំនងក្នុងចំណោមសមាជិកប្រជាជនកម្ពុជា និងប្រជាជនកូរ៉េ ព្រមទាំងពង្រីក និងពង្រឹងចំណងមិត្តភាពរវាងប្រទេសកូរ៉េ និងប្រទេសកម្ពុជាផងដែរ។

ក្នុងនោះមានមន្ត្រីរដ្ឋាភិបាលប្រមាណជា១១០នាក់ មកពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសកម្ពុជា។ អ្នកចូលរួមមានការរីករាយជាមួយនឹងកម្មវិធីអប់រំ និងកម្មវិធីចែករំលែកវប្បធម៌ ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។

សូមរំលឹកថា សមិទ្ធិផលសំខាន់ៗក្នុងឆ្នាំ២០២០-២០២១ ដែលសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ សម្រេចបានដោយសហការជាមួយតួអង្គពាក់ព័ន្ធ ក្រោមការជួយជ្រោមជ្រែងពីការិយាល័យកយកា មានដូចខាងក្រោម៖

១៖ បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពីវិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាលចំពោះជំងឺកូវីដ-១៩ កម្មវិធី KOICA នៅកម្ពុជា និងបានផលិតវីដេអូចំនួន៣ ដែលបង្ហោះតាមអ៉ីនធឺណិតនៅលើទំព័រហ្វេសប៊ុករបស់KOICA ដើម្បីចែករំលែកជំនាញ បទពិសោធន៍ និងចំណេះដឹងដែលបានសិក្សារបស់និស្សិតបញ្ចប់ការសិក្សានៃកម្មវិធីអាហារូបករណ៍របស់KOICA។
២៖ បរិច្ចាកម៉ាសចំនួន ២ម៉ឺនម៉ាស់ និងរៀបចំពិធីប្រគល់ជូនមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ ដើម្បីជាប្រយោជន៍ដល់ការថែទាំសុខភាពសាធារណៈ។
៣៖ រៀបចំកម្មវិធីសង្គម និងសប្បុរសធម៌ចំនួន ៣ រួមមាន៖ ក)- បរិច្ចាគកញ្ចប់សង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារដែលរងគ្រោះដោយទឹកជំនន់នៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ, ខ)- ផ្តល់អំណោយជាកញ្ចប់អាហារ ដល់គ្រួសារក្រីក្រចំនួន១៥០គ្រួសារដែលរងគ្រោះដោយជំងឺកូវីដ-១៩ នៅស្រុកស្រែអំបិល ខេត្តកោះកុង។ និង គ)- ផ្តល់អំណោយគ្រឿងឧបភោគបរិភោគ ដល់គ្រួសារដែលមានចំណូលទាប និងងាយរងគ្រោះដែលរងការប៉ះពាល់ខ្លាំងបំផុតដោយជំងឺកូវីដ-១៩ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។
៤៖ រៀបចំកិច្ចប្រជុំទៀងទាត់របស់ក្រុមប្រឹក្សាភិបាល CAMKAA កិច្ចប្រជុំ CAMKAA-KOICA និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀត៕